(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈនេះថា បុរសកែភេទជាស្រីឈ្មោះ ម៉ន អ៊ីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្រោយពីគាត់បានថតឡាយវីដេអូលក់ខ្លួនលើបណ្តាញសង្គម Bigo Live។
បើតាមមន្រ្តីតុលាការ ជនសង្ស័យនឹងប្រឈមការចោទពីបទផុសរូបភាព និងសំភារៈអាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ)។
លោក សុខ ហេង បានបន្តថា ដោយមានការឯកភាពពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួនបុរសកែភេទជាស្ត្រីរូបនេះ ដើម្បីយកមកធ្វើការសួរចម្លើយ រៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ ដើម្បីបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានចាត់ទុកថា ទង្វើដែលឈ្មោះ ម៉ន អ៊ីវ៉ា បានធ្វើនេះពិតជាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតំលៃរបស់ស្ត្រីខ្មែរ៕