(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តផ្លូវការនូវកម្មវិធី «កុមាររៀនកុមារចេះ» ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀន និងវិស័យឯកជនប្រមាណ២០០នាក់ និងរៀបចំឡើង ក្រោមការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Michael Newbill អនុប្រធានស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Natascha Paddison នាយិការងប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ។
កម្មវិធី «កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ផ្អែកលើភស្តុតាងនៃ ការសិក្សាស្រាវជ្រាវ លើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា នាពេលកន្លងមក។
ការផលិតកញ្ចប់សម្ភារៈទាំងអស់ នៅក្នុងកម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពី ទីភ្នាក់ងារជំនួយអាមេរិក មូលនិធិភាពជាដៃគូសកល សម្រាប់ការអប់រំ អង្គការយូណេស្កូ អង្គការយូនីសេហ្វ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត។
កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សា នៃកម្មវិធី «កុមាររៀនកុមារចេះ» រួមមានសៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀនសម្រាប់ប្រើប្រាស់ ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា សម្រាប់សិស្សថ្នាក់ទី១ និងទី២ដែលឯកសារទាំងនេះ នឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលភាសាខ្មែរ-អាន សរសេរដែលមានស្រាប់។
គ្រូបង្រៀនថ្នាក់ទី១ និងទី២ទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាល និងការណែនាំអំពីវិធីសាស្ត្រថ្មីៗទាំងនេះ។ បន្ទាប់ពីបណ្តុះបណ្តាលរួច ពួកគាត់នឹងទទួលបានការចុះជួយពីសំណាក់គ្រូបង្វឹក អ្នកផ្តល់ប្រឹក្សាគរុកោសល្យ អំពីវិធីសាស្រ្តបង្រៀនថ្មីនេះបន្ថែមទៀត។
ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និង២០១៩-២០២០ កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ត្រូវបានយកមកអនុវត្ត ក្នុងសាលាបឋមសិក្សាចំនួន២១០០ និងមានសិស្សទទួលផល ១៥០០០០នាក់ ស្ថិតក្នុងខេត្តកំពង់ធំ, សៀមរាប, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ, កំពត និងឧត្ដរមានជ័យ ព្រមទាំងនៅតាមសាលារៀនចំនួន១៣០តាមបណ្ដាខេត្តដទៃទៀតដែលបាន និងកំពុងអនុវត្តដោយអង្គការដៃគូនានា។
ដោយឡែកកញ្ចប់សម្ភារៈគណិតវិទ្យា កំពុងអនុវត្តសាកល្បង ក្នុងខេត្តសៀមរាប ហើយគ្រោងនឹងពង្រីកទៅកាន់តំបន់ដទៃទៀតនាឆ្នាំខាងមុខ។ ដើម្បីធានាដល់ការលើកកម្ពស់ គុណភាពអប់រំបឋមសិក្សាជារួម ក្រសួងនឹងពង្រីកការអនុវត្តកម្មវិធី «កុមាររៀនកុមារចេះ» ទៅគ្រប់សាលាបឋមសិក្សាទូទាំងប្រទេស និងបញ្ចូលទៅក្នុងកម្មវិធីនៃការបណ្តុះបណ្តាលគ្រូ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបឋមសិក្សាទូទាំងប្រទេស។
តាមរយៈកម្មវិធីនេះក្រសួងជឿជាក់ថា នៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា កុមារកម្ពុជាទាំងអស់ រួមទាំងកុមារមានពិការភាព នឹងទទួលបាននូវការអភិវឌ្ឍជំនាញភាសាខ្មែរ និងគណិតវិទ្យាបានល្អប្រសើរ សម្រាប់ជាមូលដ្ឋានដ៏រឹងមាំ ក្នុងការបន្តការសិក្សាទៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។
សិស្សថ្នាក់ទី១នឹងត្រូវរៀនបំណិនជាមូលដ្ឋាន ដូចជាការអានអក្សរ ការផ្សំប្រកប ដើម្បីអានពាក្យ អានល្បះ និងអត្ថបទងាយៗ និងការសរសេរ។ ចំពោះការរៀនគណិតវិទ្យា កុមារត្រូវរៀនលេខ រូបរាងធរណីមាត្រ និងមូលដ្ឋាននៃការគណនាជាដើម៕