(ភ្នំពេញ)៖ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី បានលើកយកប្រធានបទពីរចំណុច ថ្លែងក្នុងកម្មវិធីបើក «ពិធីសប្បុរសធម៌ លើកទី១១» ដោយក្នុងនោះ លោកបានជំរុញឲ្យនិស្សិតទាំងអស់តាមដានដំណើរការ នៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប (ASEM) ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបន្តរួមគ្នាសាងអំពើល្អ។
លោក ហ៊ុន ម៉ានី បានថ្លែងផ្សាភ្ជាប់លើសំដីនេះថា ឆ្នាំ២០២០ របស់កម្ពុជាពិតជាមានសារសំខាន់ ដោយកម្ពុជាទទួលបានការទុកចិត្តជាច្រើន ជាពិសេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM ដែលមាន៥១ប្រទេស លើពិភពលោកនឹងមកចូលរួម។ នេះជាកិច្ចប្រជុំកំពូលធំ ក្នុងចំណោមកិច្ចប្រជុំកំពូលធំៗ លើពិភពលោក។
លោកបានរំលេចផងដែរថា បើកម្ពុជាមិនមានសមត្ថភាព និងសុវត្ថិភាព គ្រប់គ្រាន់ទេនោះ ប្រាកដណាស់ថា នឹងមិនមានការរៀបចំកិច្ចប្រជុំអន្តរជាតិខ្នាតធំ បែបនេះនៅកម្ពុជា ហើយថ្នាក់ដឹកនាំប្រទេសដែលមកចូលរួម ក៏នឹងមិនមកចូលរួមនោះដែរ។ លោកថា កម្ពុជាពីមុនដែលធ្លាប់តែត្រូវបានគេបោះបង់ចោល និងមិនទទួលស្គាល់ ពេលនេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ស្មើរមុខស្មើរមាត់ និងក្លាយជាប្រធាន ក៏ដូចជាម្ចាស់ផ្ទះវេទិកាអន្តរជាតិជាច្រើន។
គួរជម្រាបថា ពិធីសប្បុរសធម៌ លើកទី១១ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងកណ្តាលកាកបាទក្រហមកម្ពុជា សាកលវិទ្យាធិការ សាស្តា្រចារ្យ និស្សិត និងបណ្តាក្រុមហ៊ុន ស្ថាប័នឧបត្ថមគាំទ្រ ជាច្រើនទៀត។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងនូវចំណុចទី២ ដោយលោកបានលើកទឹកចិត្តឲ្យប្អូនៗ បន្តកិច្ចការងារសប្បុរសធម៌ទាំងនេះ ព្រោះនេះឱកាសអប់រំ ផ្នត់គំនិត ចូលរួមជាដំណោះស្រាយក្នុងសង្គម ជាការអប់រំចិត្តគំនិតឲ្យចេះខ្វល់ យកចិត្តទុកដាក់ក្នុងកិច្ចការសប្បុរសធម៌បណ្តុះភាពជា អ្នកដឹកនាំធ្វើផង បណ្តុះស្មារតីការងារជាក្រុមផង និងអាចឈានដល់ការចែករំលែកដល់អ្នកដទៃផង។
មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមថា រូបភាព នៃការចូលរួមលះបង់ពេលវេលាផ្ទាល់ខ្លួន សណ្តានចិត្ត នៃការចែករំលែក និងការខ្វល់ខ្វាយពីគ្នា ទៅវិញទៅមកនេះ គឺជានិមិត្តរូបនៃការកសាងអំពើល្អ និងជាគម្រូដល់អ្នកដទៃទៀត។ លោកបន្ដថា ស្មារតីនៃការការលះបង់ និងការខ្វល់ខ្វាយនេះ ហើយធ្វើឲ្យយើងម្នាក់ៗ ក្លាយជាវីរជនពិតប្រាកដ។ ដំណាក់កាលដែលប្រទេសមានសុខសន្តិភាព មាន Hero ចេញមកច្រើនណាស់ តែពេលប្រទេសមានការលំបាក Hero ពិតប្រាកដនឹងបង្ហាញខ្លួន។
សូមជម្រាបផងដែរថា ពិធីសប្បុរសធម៌ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានប្រារព្ធឡើង១១ លើកមកហើយ ដែលការរៀបចំជារៀងរាល់ឆ្នាំ គឹសុទ្ធតែចេញពី គំនិតច្នៃប្រឌិត និងការដឹកនាំរបស់និស្សិត នៃសាកលវិទ្យាល័យផ្ទាល់ ក្នុងគោលបំណង កៀរគរថវិកាដើម្បីជួយអ្នកខ្វះខាត និងដើម្បីជាវេទិកាសម្រាប់និស្សិតក្នុងការបង្ហាញ និងហ្វឹកហាត់ពីសមត្ថភាពដឹកនាំ ក៏ដូចជាការអនុវត្តកិច្ចការការងារជាក្រុម៕