(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អនុប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ បានជំរុញឲ្យចលនា សហជីពរាជធានីភ្នំពេញ បញ្ជ្រៀបពីទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យកម្មករបានដឹង ខណៈមេរោគកូរ៉ូណា COVID-19 មិនកើតមាននៅលើពលរដ្ឋកម្ពុជាណាម្នាក់នោះឡើយ។
លោកបញ្ជាក់ថា ចំពោះភាពមនុស្សធម៌របស់សម្ដេច គឺការទទួលទេសចរណ៍ដែលជិះលើកប៉ាល់ Westerdam ជាង២,២០០នាក់ ដែលបានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចត ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ហើយក្រោយមកត្រូវបានអាជ្ញាធរ ម៉ាឡេស៊ីថា លោកយាយអាយុ ៨៣ឆ្នាំ ជនជាតិអាមេរិកម្នាក់បានឆ្លងជំងឺនេះ តែមកដល់ពេលនេះអ្វីដែលជាការពិតនោះ លោកយាយម្នាក់នោះ ក៏ត្រូវបានបញ្ជាក់ថា មិនមានជំងឺកូរ៉ូណា (Covid-19) នោះទេ។ ព័ត៌មាននេះជាកាដូដ៏ធំមួយ ឬជាសម្បត្តិមហាសាលសម្រាប់កម្ពុជា និងធ្វើឲ្យប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់មកលើសម្ដេចតេជោ ហ៊ុន សែន។
បើតាមលោក ឃួង ស្រេង គ្មានហេតុផលណាមួយ ដែលសម្ដេចតេជោ ហ៊ុន សែន ធ្វើដើម្បីបំផ្លាញប្រជាជាតិឯងនោះទេ ពោលសម្តេចបានលះបង់ សូម្បីតែអាយុជីវិត ដើម្បីរំដោះប្រទេសចេញពីរបប ប៉ុល ពត និងបានធ្វើការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនថែមទៀត ដូច្នេះលោកស្នើសុំឲ្យបញ្ជ្រៀប អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានធ្វើកម្មករបានដឹង និងពន្យល់ពួកគាត់ឲ្យបានយល់ច្បាស់។
ការជំរុញបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច កែសម្រួលសមាសភាព គណៈចលនាសហជីពរាជធានី របស់គណៈចលនាមហាជន នៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកដំបូងរបស់គណៈចលនាសហជីពរាជធានីភ្នំពេញ បន្ទាប់ពីគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចកែ សម្រួលគណៈចលនាមហាជន របស់គណៈកម្មាធិការបក្សរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានគណៈចលនា បានស្នើឲ្យក្រុមការងារខណ្ឌសង្កាត់ ត្រូវចុះអន្តរាគមន៍ទប់ស្កាត់ ចំពោះម្ចាស់ផ្ទះជួល ដែលតម្លើងថ្លៃបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងសួរសុខទុក្ខបងប្អូនកម្មករ និយោជិតស្នាក់ នៅផ្ទះជួល អំពីតម្លៃទឹកស្អាត តម្លៃភ្លើងអគ្គិសនី ថ្លៃឈ្នួលបន្ទប់ អំពីសន្តិសុខ បរិស្ថាន។ល។ ក្រុមការងារ កសាងគណបក្សកសាងអង្គភាព សហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌ សង្កាត់ ត្រូវពង្រីកសមាជិកគណបក្ស នៅតាមរោងចក្រ ក្នុងគោលដៅឲ្យបាន៧០ភាគរយ នៃសមាជិកសហជីព មូលដ្ឋានរោងចក្រ។
លើសពីនេះ បង្កើតសាខាបក្ស និងអនុសាខាបក្ស នៅគ្រប់រោងចក្រ ព្រមទាំងអនុវត្តរបបប្រជុំជីវភាពឲ្យបានទៀងទាត់, សម្របសម្រួល និងដោះស្រាយនៅកន្លែងនូវវិវាទផ្សេងៗ ដែលកើតមាននៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន, កាត់បន្ថយឲ្យបានជាអតិបរិមាបាតុកម្ម កូដកម្មខុសច្បាប់, ចិញ្ចឹមចលនាដល់កម្មករ និយោជិត មានធុរៈ និងត្រូវដោះស្រាយទាន់ពេលវេលា នូវករណីមិនប្រក្រតី នៅតាមកន្លែងស្នាក់នៅរបស់កម្មករ និយោជិត ដូចជា សន្តិសុខ ថ្លៃទឹក ថ្លៃភ្លើងអគ្គិសនី ថ្លៃបន្ទប់ បរិស្ថាន, បន្តផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់សម្តេចតេជោ ជូនដល់បងប្អូនកម្មករ និយោជិតឲ្យបានជាប្រចាំ ពិសេសសូមយកចិត្តទុកដាក់បំផុសឲ្យកម្មករ និយោជិតរបស់យើង កុំបារម្ភណ៍អំពី EBA ដែលសហគមន៍អឺរ៉ុបព្យួរ ឬដកចេញពីកម្ពុជា និងកុំចាញ់បោកការឃោសនា សង្គ្រាមចិត្តសាស្ត្រ ឧបាយកលរបស់ពួកប្រឆាំង និងពួកអគតិឲ្យសោះ។
សូមបញ្ជាក់ថា ចំពោះការកែសម្រួលសមាសភាព គណៈចលនាសហជីពរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គឺលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន៣រូប និងមានសមាជិក១៦រូប៕