(ឧត្តរមានជ័យ)៖ អ្នកនាំចេញកសិផលដំឡូងមី ពីខេត្តឧត្តរមានជ័យ នាំចេញទៅកាន់ប្រទេសថៃ បានស្នើឲ្យលោកអភិបាលខេត្តឧត្តរមានជ័យ ជួយសម្រួលដល់រថយន្តរបស់ថៃ ដែលចូលមកដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យបានស្រួល ខណៈរដូវប្រមូលផលដំឡូងមី ចាប់ផ្តើមចូលមកដល់ក្នុងរយៈពេល២-៣ខែនេះ។

ការស្នើរបស់អ្នកនាំចេញដំឡូងមីនេះ ធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានក្រុមការងារខេត្តឧត្តរមានជ័យ ដឹកនាំដោយអភិបាលរងខេត្តម្នាក់ ធ្វើការឃាត់រថយន្តថៃ ចូលដឹកកសិករផលដំឡូងមី នៅចំណុចរង្វង់មូលផ្អុង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយមកអនុញ្ញាតឲ្យបន្តដំណើរទៅវិញ បន្ទាប់ពីឃាត់ទុកអស់រយៈពេលជាច្រើនម៉ោងរួចមកនោះ។

ពាក់ព័ន្ធការឃាត់រថយន្តថៃ ចូលដឹកកសិផលនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានលោក លឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ ដែលជាអ្នកទទួលខុសត្រូវ លើការងារត្រួតពិនិត្យយានយន្ត ចូលមកដឹកកសិផល បានប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យថា «ការឃាត់រថយន្តថៃ ចូលដឹកដំឡូងមីនេះ គឺជាការពិនិត្យលក្ខណៈបច្ចេកទេស ហើយជាការសម្រេចរបស់ថ្នាក់ដឹកនាំ ដែលជាការអនុវត្តន៍ច្បាប់ ដើម្បីកុំឲ្យមានបញ្ហាចំពោះផ្លូវថ្នល់»។

ចំពោះសំណួរថា តើនៅពេលឃាត់រថយន្ត ចូលមកដឹកដំឡូងមីនេះ តែអាចនឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃកសិផលរបស់កសិករដែរឬទេ? លោក លឹម សុខតូ និយាយថា «ខ្ញុំមិនដឹងយ៉ាងណាទេ ប៉ុន្តែច្បាប់យើងឲ្យធ្វើអីចឹង យើងត្រូវតែអនុវត្តន៍ច្បាប់ ហើយយើងអនុវត្តន៍នេះ យើងមិនទៅយកលុយយកកាក់ឯណា មានរឿងអីទៅប៉ះពាល់ដល់ទីផ្សារ»។

ចំពោះករណីពង្រឹងការអនុវត្តន៍ច្បាប់នេះ អ្នកនាំចេញដំឡូងមី ពិតជាចង់ឃើញនូវការអនុវត្តន៍ច្បាប់ដោយស្មើភាពគ្នា ដោយកុំមានការអនុវត្តន៍រើសអើង រថយន្តដឹកកសិផលរបស់ក្រុមហ៊ុននេះមិនឲ្យទៅ តែក្រុមហ៊ុនផ្សេងដឹកដូចគ្នាឲ្យទៅ ដែលវាជារឿងអយុត្តិធម៌បំផុត។

អ្នកនាំចេញនាំចេញបានបន្ថែមថា «ការដែលរថយន្តថៃចូលមកដឹកនេះ មិនមែនមានលក្ខណៈជាអចិន្រ្តៃយ៍ដូចរថយន្តខ្មែរទេ គឺមកតែរដូវប្រមូលផលដំឡូងរបស់កសិករខ្មែរប៉ុណ្ណោះ ហើយរថយន្តថៃទាំងអស់សុទ្ធតែត្រឹមត្រូវតាម លក្ខណៈស្តង់ដាបច្ចេកទេសរបស់ប្រទេសគេទាំងអស់ហើយ។ អីចឹងបើមាត់ច្រកអនុញ្ញាតឲ្យចូលមកហើយ គឺខាងក្នុងគួរសម្រួលឲ្យមានភាពរលូន តែបើខុសច្បាប់គួរតែមាត់ច្រកបិទមិនឲ្យចូលតែម្តង ជៀសវាងការអនុញ្ញាត ឲ្យគេឆ្លងដែនចូលមកដឹកហើយ ស្ទាក់ចាប់គេនៅខាងក្នុង ដែលជាការលំបាកបំផុត សំរាប់អ្នកនាំចេញកសិផល»

អ្នកនាំចេញដំឡូងមីបានបញ្ជាក់ថា ការប្រមូលផលដំឡូងមី របស់កសិករមានរយៈពេលតែ២-៣ខែប៉ុណ្ណោះ ចាប់ពីខេត្តមករាមក ហើយប្រសិនបើមានការរាំងស្ទះដល់ការដឹកជញ្ជូន នឹងនាំឲ្យប៉ះពាល់ដល់តម្លៃកសិផលរបស់កសិករជាក់ជាមិនខាន។

ជាមួយគ្នានេះ ក្រុមអ្នកនាំចេញអំពាវនាវយ៉ាងទទូច ដល់លោកអភិបាលខេត្តឧត្តរមានជ័យ សូមជួយសម្រួលដល់កសិផលដំឡូងមី របស់កសិករយើងអាចឲ្យដឹកជញ្ជូន នាំចេញបានស្រួល ដើម្បីកសិករយើងមានលទ្ធភាពលក់ផលិតបានស្រួល មានតម្លៃសមរម្យ កុំឲ្យការប្រើប្រាស់បច្ចេកទេសរបស់មន្ត្រី ប៉ះពាល់ដល់ជីវភាពរបស់កសិករ៕