(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវ ក្រុមចោរវាយប្លន់ ចំនួន៣នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់ បានសម្រេចទៅលើជនរងគ្រោះបានម្នាក់ កាលពី១សប្តាហ៍មុន។
លោក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឱ្យដឹងនៅថ្ងៃទៅ២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រុមចោរទាំងនោះបានធ្វើសកម្មភាព ប្លន់ជនរងគ្រោះ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចផ្លូវជាតិលេខ៤ ភូមិអង្គរកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ម៉ន វុធី បានឱ្យដឹងថា ជនសង្ស័យរួមមាន៖
*ទី១៖ ឈ្មោះ ហុយ សុភ័ក្ដ្រ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
*ទី២៖ ឈ្មោះ រុំ សិលា ហៅ ជុក អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
*ទី៣៖ ឈ្មោះ រិន សម្រេច ហៅ ទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គីទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ចំណែកឯពជនរងគ្រោះមានឈ្មោះ ទូច ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលត្រូវចោរប្លន់ ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1U-5118។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ចំណែកបក្ខពួកដែនៅសេសសល់កម្លាំង កំពុងស្រាជ្រាវតាមចាប់បន្ត៕