(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» និងជាសាក្សីក្នុងពិធីចុះកិច្ចសន្យា ផ្តល់សិទ្ធិប្រកបអាជីវកម្ម «អ៊ុយគុយទាវ» នៅភោជនីយដ្ឋាន យ៉ី សាង ឌឺហ្គាឌិនទួលគោក។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា និងសហការី ដែលបានយកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការខិតខំផ្សព្វផ្សាយ និងប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ចាប់តាំងពីបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ។
ជាក់ស្តែង ពិធីប្រគល់វិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ជូនដល់សមាជិកថ្មីៗទៀត នៃសមាគមសហគមន៍ចុងភៅកម្ពុជា នាថ្ងៃនេះ បានបង្ហាញពីវឌ្ឍនភាព នៃការប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដោយផ្សាភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដារ អនាម័យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជួយទាក់ទាញភ្ញៀវទេសចរឲ្យស្គាល់រសជាតិមុខម្ហូប ដែលមានប្រវត្តិជាយូរលុងមកហើយ និងដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែក កសាងសេដ្ឋកិច្ចជាតិឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។ នេះក៏ជាសក្ខីភាព បង្ហាញឲ្យឃើញកាន់តែច្បាស់ពីការរីកចម្រើន ក្នុងការប្រកបអាជីវកម្មប្រកបដោយជោគជ័យ ក្នុងវិស័យសេវាកម្មផ្តល់ចំណីអាហារ ដែលជួយលើកតម្កើង កិត្យានុភាពម្ហូបជាតិឲ្យកាន់តែល្បីរន្ទឺបន្ថែមទៀត។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានគូសបញ្ជាក់ និងកោតសរសើរទៀតថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានភោជនីយដ្ឋានថ្មីៗ ជាច្រើនបានបង្កើតឡើង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងសំខាន់ៗ មួយចំនួនក្នុងប្រទេសកម្ពុជា ក្រោមទម្រង់ជាការផ្តល់សិទិ្ធប្រកបអាជីវកម្ម (Franchise) នៅក្នុងប្រទេស ពីក្រៅប្រទេសមកក្នុងប្រទេស និងពីក្នុងប្រទេសទៅក្រៅប្រទេស ដែលសកម្មភាពអាជីវកម្មទាំងនេះ ជាការនាំចេញនៅនឹងកន្លែងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងការចុះកិច្ចសន្យាប្រគល់សិទិ្ធប្រកបអាជីវកម្ម «អ៊ុយគុយទាវ» នាថ្ងៃនេះ បានបង្ហាញឲ្យឃើញថា គ្រឹះស្ថានប្រកបអាជីវកម្មណា ដែលបានប្រើប្រាស់ ឧបករណ៍កម្មសិទិ្ធបញ្ញា និងបង្កើតម៉ូដែលអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ ម្ចាស់អាជីវកម្មនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាក់ជាមិនខានឡើយ។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម ទើបតែបានចេញប្រកាស ស្តីពីការកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណចំពោះម៉ាក និងកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការគ្រប់គ្រង កិច្ចការកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា និងចំណេះជំនាញ ការទាក់ទាញវិនិយោគ ការប្រកបអាជីវកម្ម និងការប្រកួតប្រជែងស្មោះត្រង់ ដូច្នេះកិច្ចសន្យាអាជ្ញាប័ណ្ណ ឬកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម ត្រូវយកមកកត់ត្រានៅក្រសួងពាណិជ្ជកម្ម ទើបមានអានុភាពអនុវត្តដល់ភាគីទីបី។
ជាចុងបញ្ចប់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រកបអាជីវកម្មគុយទាវទាំងក្នុង និងក្រៅប្រទេស សូមចូលជាសមាជិក សមាគមសហគមន៍ចុងភៅកម្ពុជា ឲ្យបានផុសផុល ដើម្បីបានប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ឲ្យបានកាន់តែទូលំទូលាយ ដែលនឹងចូលរួមចំណែក ក្នុងការបំពេញបេសកកម្មកសាងម៉ូដែលអាជីវកម្ម ជាសមូហភាពមួយប្រកបដោយជោគជ័យ ដែលនឹងក្លាយជាគំរូអាជីវកម្ម ដល់វិស័យផ្សេងៗទៀត ដើម្បីលើកស្ទួយជីវភាពរបស់យើង និងចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕