(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តច្រានចោលការប្រឌិតព័ត៌មានរបស់ Facebook មួយឈ្មោះ «សឹម សុភា Soeum Sophea» ដែលបង្ហោះ និងថា មានជំងឺកូរ៉ូណាថ្មី (COVID-19) បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់។
លោកស្រី ឱ វណ្ណឌីន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មិនមានករណីជំងឺកូរ៉ូណាកើតឡើងនោះឡើយ ជាព័ត៌មានខុសការពិតទាំងស្រុង។ ក្រោយការសួរនាំ និងពិនិត្យល្អិតល្អន់ លោកស្រីបានបញ្ជាក់ ជនរងគ្រោះមានជំងឺលើសឈាម មិនពាក់ព័ន្ធ COVID-19 នោះទេ ដូច្នេះមិនមែនជាការពិតនោះឡើយ សូមកុំនាំគ្នាប្រឌិតព័ត៌មាន នាំចលាចលក្នុងសង្គម។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានក្លែងក្លាយអំពីជំងឺកូរ៉ូណាថ្មីនេះ ក្រសួងព័ត៌មាន ក៏បានស្នើសុំកិច្ចសហការពីក្រុមហ៊ុន Facebook ដើម្បី បិទ Facebook ទាំងឡាយដែលបង្ហោះ ព័ត៌មានក្លែងក្លាយពីជំងឺនេះ ដើម្បីបំភ័ន្ត និងបង្កការភ័យខ្លាចដល់សាធារណជនផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណនី Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ត្រូវបានក្រុមហ៊ុន Facebook សម្រេចបិទចោល តាមសំណើរបស់ក្រសួងព័ត៌មាន ក្រោយបង្ហោះបំភ្លៃការពិតជាបន្តបន្ទាប់ អំពីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសកម្ពុជា។
បណ្តាញសង្គមយក្សរបស់សហរដ្ឋអាមេរិក Facebook បានប្រកាសកាលពីចុងខែមករា ឆ្នាំ២០២០ថា ខ្លួននឹងចាត់វិធានការបន្ទាន់នានា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការបង្ហោះព័ត៌មានមិនពិត ឬខុសឆ្គងអំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ដែលកំពុងក្លាយជាក្តីកង្វល់ធំបំផុត នៃពិភពលោកទាំងមូល។
ចាប់តាំងពីផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មីនេះ មាន Facebook មួយចំនួន បា នបង្ហោះព័ត៌មានមិនពិត និងបង្កើតសារចែកចាយជាបន្តបន្តាប់ថាកម្ពុជាមានជំងឺកូរ៉ូណាថ្មី ដើម្បីបង្កការភ័យខ្លាច ដល់ប្រជាជនកម្ពុជា។ ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ ក្រសួងសុខាភិបាល ក៏បានចេញមុខច្រាលចោលព័ត៌មាននេះជាបន្តបន្ទាប់ផងដែរ។
កម្ពុជាធ្លាប់បានរកឃើញករណីកូរ៉ូណាថ្មី ១ករណីប៉ុណ្ណោះ គឺនៅលើខ្លួនជនជាតិចិនម្នាក់ ដែលចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនជាតិចិនរូបនេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយបានចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ផងដែរ៕