(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកដែលបានបន្ត ផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈគេហទំព័រ Facebook William Guang ដោយមិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានក្លែងក្លាយ មិនមានការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យមួលបង្កាច់ ធ្វើឱ្យសាធារណមតិមានការភ័ន្តក្រឡំ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញ ឈ្មោះ ព្រំ បូរ បានធ្វើការរារាំងការ អនុវត្តវិធានការរដ្ឋបាលរបស់សាលាខណ្ឌឫស្សីកែវ ហើយក្រុមការងារ បានអញ្ជើញគាត់មកសាលាខណ្ឌ ដើម្បីធ្វើការពន្យល់ និងណែនាំអំពីផ្លូវច្បាប់ ប៉ុន្តែឈ្មោះ ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និងដេកសន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់ប្រជុំ ដោយមានរថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ហើយក្រុមការងារក៏បានប្រគល់ឈ្មោះ ព្រំ បូរ ជូនក្រុមគ្រួសារដោយមានការធានា និងការទទួលខុសត្រូវយ៉ាងត្រឹមត្រូវ មិនមានការប្រើអំពើហិង្សាដូចការផ្សព្វផ្សាយដោយប្រកាន់ឡើយ។

ដើម្បីជាព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ រដ្ឋបាលសាលាខណ្ឌឫស្សីកែវ ស្នើឱ្យប្រធានគណបក្សខ្មែរក្រោក ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ។ ក្នុងករណីចាំបាច់ សូមប្រធានគណបក្សខ្មែរក្រោករូបនេះ មកសាលាខណ្ឌដោយផ្ទាល់ ដើម្បីបំភ្លឺ និងផ្ទៀងផ្ទាត់បញ្ជាក់ការពិតជាមួយរូបភាព វីដេអូដែលថតដោយកាមេរ៉ា វីដេអូសុវត្ថិភាព ដែលមានបំពាក់នៅក្នុងបន្ទប់ប្រជុំ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌឫស្សីកែវ៖