(កំពង់ឆ្នាំង)៖ លោក សុខ រិន ប្រធានការិយាល័យកសិកម្ម ស្រុកកំពង់លែង នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មកដល់ពេលនេះប្រជាកសិករនៅក្នុងស្រុកកំពង់លែង បានប្រមូលផលស្រូវប្រាំងបានជាង ៧ពាន់ហិកតាហើយ លើផ្ទៃដីសរុបដែលធ្វើបានចំនួន ៧៦០០ហិកតា លើផែនការសរុប ១០.៨០០ហិកតា ក្នុង១ហិកតាៗ ប្រមូលផលបានទិន្និផលពី ៤តោន ទៅ៥តោន។ តម្លៃស្រូវលក់ចេញលើទីផ្សារបច្ចុប្បន្ន ក្នុង១គីឡូក្រាម បានថ្លៃ ពី៦៥០ រៀលទៅ ៦៨០រៀល។
លោកស្រី សាំង យុន ប្រជាកសិករនៅក្នុងភូមិថ្មរៀង ឃុំច្រណូក ស្រុកំពង់លែង កំពុងហាលស្រូវ បាននិយាយឲ្យដឹងថា គាត់មានដីធ្វើស្រែប្រាំងតែជាង ១ហិកតាប៉ុណ្ណោះ ចំណែកការធ្វើស្រែប្រាំងឆ្នាំនេះទទួលទិន្នផល បានទាបជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុក្តៅ មិនមានភ្លៀងកក់ខែ ដែលធ្វើឲ្យស្រូវក្នុងស្រែមួយ ចំនួនមានការស្វិតស្កក គឺក្នុង ១ហិកតា ទទួលផលបានតែ ៤តោនប៉ុណ្ណោះ បើមានទឹកគ្រប់គ្រាន់វិញ ក្នុង ១ហិកតាអាចទទួលផលបានជាង ៥តោន។
ចំណែកតម្លៃស្រូវលក់ចេញបានក្នុង ១គីឡូក្រាម តម្លៃពី ៦៥០រៀល ទៅ ៦៧០រៀល តែប៉ុណ្ណោះ រីឯតម្លៃការជួលម៉ាស៊ីនច្រូតស្រូវវិញក្នុង ១ហិកតា តម្លៃ ២៦ម៉ឺនរៀល បើសងបំណុលធនាគារ ដែលគាត់បានខ្ចីលុយមកជួលត្រាក់ទ័រ ភ្ជួររាស់ និងច្រូតកាត់អស់ទៅ គឺគាត់សល់ស្រូវទុកហូប បានគ្រប់គ្រាន់ ពេញមួយឆ្នាំផងដែរ។
ដោយឡែក អ្នកបើកគ្រឿងយន្តច្រូតស្រូវម្នាក់ នៅក្នុងភូមិកង្កែប ឃុំច្រណូក បាននិយាយឲ្យដឹងថា ឆ្នាំនេះការចុះច្រូត ស្រូវ នៅឃុំច្រណូក គឺបានតិចជាងឆ្នាំមុន ដោយសារតែប្រជាកសិករធ្វើស្រែ បានតិចជាងឆ្នាំមុនៗ ព្រោះតែខ្វះទឹកធ្វើស្រែគឺខែ វស្សាមានភ្លៀងតិចតួច ចំណែកខែប្រាំងឆ្នាំនេះ គឺគ្មានភ្លៀងកក់ខែសោះតែម្តង ដែលធ្វើឲ្យស្រូវក្នុងស្រែត្រូវបានស្កក ស្វិត បាត់បង់ទិន្នផលអស់មួយចំនួនផងដែរ។
លោក តាំង សារុន ប្រជាកសិករ នៅក្នុងភូមិកង្កែប បាននិយាយឲ្យដឹងថា ទោះបីឆ្នាំនេះប្រជាកសិករក្នុងឃុំ ធ្វើស្រែបានផលតិច ដោយសារតែអាកាសធាតុក្តៅខ្លាំងគ្មានភ្លៀងកក់ខែ និងលក់ស្រូវបានថ្លៃថោកជាងឆ្នាំមុនបន្តិចក៏ដោយ ក៏ពួកគាត់សប្បាយចិត្ត ដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសរីភាពបររិបូណ៌ អាចប្រកបមុខរបររកស៊ីផ្សេងៗ បានដោយសេរី រួមទាំងនៅគ្រប់មូលដ្ឋាន គឺមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ដោយឡែក នៅក្នុងឃុំច្រណូកវិញ រាជរដ្ឋាភិបាល បានកសាងផ្លូវគ្រួសក្រហមពីឃុំច្រណូកទៅកាន់ខេត្តកំពង់ធំ ដែលជាភាពងាយស្រួលដល់ប្រជាកសិករ ដឹកជញ្ជនកសិផលនានា ទៅលក់ដូរ ក៏ដូចជាទិញសំភារៈពីផ្សារខេត្តកំពង់ធំ មកប្រើប្រាស់នៅក្នុងមូលដ្ឋានបានងាយស្រួលផងដែរ។
ដូច្នេះរូបគាត់ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងភូមិឃុំទាំងអស់ សូមអរគុណសន្តិភាព បើគ្មានសន្តិភាព ក៏មិនអាចអភិវឌ្ឋន៍អ្វីៗបាននោះដែរ ដូច្នេះពួកគាត់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូចនេះពួកគាត់នឹងចូលរួមថែរក្សាការពារសុខសន្តិភាព អោយបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយមានអនាគតល្អរុងរឿង គឺត្រូវប្រឆាំងជាដាច់ខាត និងគ្រប់រូបភាពចំពោះក្រុមជនអគតិ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ៕