(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងជំរុញដល់ប្រជាពលរដ្ឋ កាត់បន្ថយទម្លាប់នៃការបរិភោគភេសជ្ជៈផ្អែមជារៀងរាល់ថ្ងៃ ព្រោះវាបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
លើសពីនោះ អាចប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺសរសៃឈាម ជំងឺបេះដូង អាចឲ្យគំាងបេះដូង ឲ្យស្លាប់មួយចំហៀងខ្លួន កើតជំងឺទឹកនោមផ្អែម ជំងឺកង់ស៊ែ (ជំងឺមហារីក) ដង្កូវស៊ីធ្មេញ និងជំងឺធាត់ ដែលកាលណាលើសគីឡូ នឹងអាចបណ្ដាលឱ្យមានជំងឺផ្សេងៗទៀត។
ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ងី មានហេង ក្នុងសិក្ខាសាលាស្ដីពី «ការកាត់បន្ថយការញុំាភេសជ្ជៈផ្អែម» ដែលប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងបន្ដថា ផលប៉ះពាល់សុខភាពកើតលើប្រជាជនកម្ពុជាអាយុ ២៥ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់២០១៦ គឺប្រេវ៉ាឡង់ នៃអ្នកលើសទម្ងន់ ឬធាត់ កើតពី១៥.៤% ទៅ២១.៩% ហើយប្រេវ៉ាឡង់នៃអ្នកមានជាតិស្ករលើសក្នុងឈាម កើនពី១.៤% ទៅ៩.៦%។ បើគិតទៅលើកុមារនៅភ្នំពេញ ញាំស្ករច្រើនណាស់ ដោយតាមការអង្កេតសុខភាព លើសិស្សកម្ពុជា ក្នុងឆ្នាំ២០១៣ មាន៤២% នៃសិស្សផឹកភេសជ្ជៈផ្អែម មួយ ឬច្រើនកំប៉ុងក្នុងមួយថ្ងៃ ។
ការដោយបញ្ហាទាំងអស់នេះមានការកើនឡើងពីមួយថ្ងៃទៅមួយ ទើបក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ រួមគ្នាបើកយុទ្ធនាការបញ្ជ្រាបចំណេះដឹង ជូនប្រជាពលរដ្ឋ ឲ្យបន្ថយការពិសាភេសជ្ជៈផ្អែម ដោយបានបើកយុទ្ធនាការចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នំា២០១៨មកម្ល៉េះ រហូតមកដល់សព្វថ្ងៃនេះ។ សម្រាប់អ្នកចូលរួមក្នុងកម្មវិធី គឺជនបង្គោលដែលចាំបាច់ ក្នុងការផ្សព្វផ្សាយ ដូចជា ក្រុមប្រឹក្សាសង្កាត់ គ្រូបង្រៀន នាយកនាយកសាលារដ្ឋ និងឯកជន អាជីវករ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ទូទាំងរាជធានីភ្នំពេញ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងបន្ដថា «គោលបំណងរបស់យើង គឺសំណូមពរឱ្យប្រជាពលរដ្ឋ ស្វែងយល់ពីផលប៉ះពាល់នៃការបរិភោគ ជាពិសេស ផ្លាស់ប្ដូរទម្លាប់នៃការបរិភោគភេសជ្ជៈផ្អែម ទៅតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ»។
លើសពីនោះ «សូមកាត់បន្ថយបន្ដិចម្ដងៗដោយសម្រាប់មនុស្សចាស់ ក្នុងមួយថ្ងៃពិសាភេជ្ជៈផ្អែម តិចជាងមួយកំប៉ុង, សម្រាប់ក្មេងក្រោមអាយុ១២ឆ្នាំ គឺតិចជាងកន្លះកំប៉ុង (ចំណុះ៣៣០មីលីលីត្រ) ក្នុងមួយថ្ងៃ។ ចំនួននៅសល់ចាក់ចោលចុះ ទោះពេលបរិភោគយើងយកប្រាក់ទិញមែន តែក្នុងតម្លៃថោកទេ តែបើយើងឈឺ វានឹងធ្វើឱ្យយើងចំណាយថវិកាអស់ច្រើន ហើយអាចគ្រោះថ្នាក់ជីវិតថែមទៀត»។
លោកវេជ្ជបណ្ឌិតបន្ដថា «ដើម្បឲ្យប្រជាពលរដ្ឋ មានសុខុមាលភាព យើងបានរៀបចំគោលនយោបាយ កាត់បន្ថយការញុំាភេសជ្ជៈផ្អែម បន្ដការត្រួតពិនិត្យ តាមដានការញុំាភេសជ្ជៈផ្អែម ជាពិសេស ចំណោមកុមារ ត្រូវផ្សព្វផ្សាយផលប៉ះពាល់ សុខភាពដែលបណ្ដាលមកពីញុំាភេសជ្ជៈផ្អែម»។
ទន្ទឹមនឹងនោះ លោកស្រី សក់ ចិន្ដារី នាយិការង រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា «យើងនឹងប្ដេជ្ញារួមគ្នា សម្រាប់សុខុមាលភាពទីក្រុង ពិសេសក្រោយពីទទួលបាននូវចំណេះដឹងនៃសិក្ខាសាលានេះហើយ សូមបងប្អូនយើង ចូលរួមយ៉ាងសកម្ម ក្នុងការជួយផ្សព្វផ្សាយបន្ដ ពីផលប៉ះពាល់សុខភាព ដែលបណ្ដាលមកពីការពិសាភេសជ្ជៈផ្អែមលើសច្រើនកម្រិត ដែលប្រឈមនឹងជំងឺផ្សេងៗនឹងអាចស្លាប់មុនអាយុ។ ដូច្នេះយើងត្រូវបន្ដផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសិស្សសាលា អាណាព្យាបាល ដែលធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ អាចចូលរួមអភិវឌ្ឍសង្គមជាតិ និងទីក្រុង កាន់តែមានការរីកចម្រើន ប្រកបដោយធនធានមនុស្សដែលបរិបូរណ៌។
សូមជម្រាបថា ក្រសួងសុខាភិបាល បានណែនាំផងដែរថា ដើម្បីសុខភាព កាត់បន្ថយការប្រើប្រាស់ជាតិផ្អែម បង្កើនលំហាត់ប្រាណ ជម្រើសល្អដើម្បីសុខភាព ហូបទឹកស្អាត ទឹកដាំពុះ ឬភេសជ្ជៈ ដែលមិនមានជាតិផ្អែម បើអ្នកផឹកភេសជ្ជៈផ្អែម មានហ្គាស ចំណុះ៣៣០មីលីលីត្រ អ្នកត្រូវដើរចម្ងាយផ្លូវប្រហែល៣គីឡូម៉ែត្រ ដើម្បីដុតបំផ្លាតថាមពល១៣៥កាឡូរី ពីភេសជ្ជៈដែលអ្នកបានផឹកនោះ៕