(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានផ្ដល់អនុសាសន៍ចំនួន៥ចំនុច ជូនដល់ប្រជាពលរដ្ឋ ជាពិសេសស្ដ្រីមានផ្ទៃពោះ និងស្រ្ដីជាមាតា ក្នុងការថែទាំសុខភាពស្រ្ដី និងកូនរយៈពេល១,០០០ថ្ងៃ។
អនុសាសន៍ទាំង ៥ចំនុច ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមមាន៖
១៖ សូមឱ្យស្រ្ដីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញ នៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះ ឱ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដង ទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស័្មគ្រចិត្ដធ្វើតេស្ដឈាម ដើម្បីពិនិត្យស្ថានពភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីម្ដាយទៅកូន។
២៖ សូមទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
៣៖ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
៤៖ សូមបំបៅទារកដោយទឹកដោះម្ដាយតែមុខគត់ ចាប់ពីពេលទារកកើតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្ដបំបៅទឹកដោះម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥៖ សូមប្រញាប់យកកុមារ ឬទារកទៅមន្ទីរពេទ្យភ្លាមៗនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
សូមជម្រាបថា វឌ្ឍនភាពដែលសម្រេចបាននៅកម្ពុជាកន្លងមកនេះ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ ធ្វើឱ្យប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញ ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលសម្រេចបានលទ្ធល្អបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រាប់បញ្ជូលទាំងការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ដែលពាក់ព័ន្ធនៅឆ្នាំ២០១៥ផងដែរ។
បច្ចុប្បន្ននេះ ម្ដាយ និងកុមារ កាន់តែច្រើននាក់ជាងមុន អាចទទួលបានសេវាថែទាំផ្ទៃពោះ និងសេវាថែទាំក្រោយសម្រាលកាន់តែប្រសើរជាងមុន ទារកកាន់តែច្រើនជាងមុន ដែលសម្រាលដោយឆ្មបជំនាញ ហើយមានកុមារកាន់តែច្រើននាក់ថែមទៀត បានទទួលថ្នាំបង្ការគ្រប់គ្រាន់៕