(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានថវិកានិងសម្ភារៈជាច្រើន ត្រូវបានយកទៅប្រគល់ជូនគ្រួសារកសិករមួយគ្រួសារ ដែលប្រសូត្របានកូនភ្លោះ៣នាក់ រស់នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជយ័សែន ខេត្តព្រះវិហារ។ ពិធីប្រគល់អំណោយនេះ ស្ថិតក្រោមវត្តមានលោក រស់ ហេង អភិបាលស្រុកជយ័សែន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងក្រុមការងារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះលោក រស់ ហេង បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលលោកតែងយកចិត្តទុកដាក់ គិតគូរជានិច្ចអំពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហាររបស់យើង។
លោក រស់ ហេង បានថ្លែងបញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន តែងបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ និងពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា អ្នកផ្ទុកមេរោគអេដស៍....ជាដើម។
លោក រស់ ហេង បានថ្លែងបន្តទៀតថា អំណោយទាំងនេះ ទោះមិនអាចបំពេញតាមសេចក្តីត្រូវការក៍ពិតមែន តែបានដោះស្រាយនៅការខ្វះខាតបានមួយគ្រាៗដែរ។ លោកថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ដែលករណីនេះ លោកផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋយើង ត្រូវគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត ដើម្បីអោយប្រទេសជាតិ យើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះតទៅទៀត។
សូមបញ្ជាក់ថាស្ត្រីដែលសម្រាលបានកូនភ្លោះបានចំនួន០៣នាក់ ភេទស្រីទាំង៣នោះ គឺបានសម្រាលនៅវេលាម៉េាង ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ចំថ្ងៃទិវាបុណ្យនៃសេចក្តីស្រឡាញ់ ហើយកូននីមួយៗមានទម្ងន់ ៦.៥គីឡូក្រាម។ ហើយការសម្រាលកូននេះគឺលើកទី២ ហើយ ដែលការសម្រាលលើកទី១គាត់ទទួលបានកូនប្រុសម្នាក់ រហូតមកដល់បច្ចប្បន្ននេះគឺមានអាយុ៥ឆ្នាំហើយ៕