(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ឲ្យដឹងថា ខ្លួនកំពុងពិនិត្យលទ្ធភាពបង្កើតច្រកទ្វារ Internet តែមួយ និងការចាត់វិធានការ លើគណនី/ផេកនៃបណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រ ដែលបង្ហោះមាតិកា ធ្វើឱ្យប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរបស់ស្រ្តីខ្មែរ។

កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិភាក្សាលើការសិក្សាលទ្ធភាពបង្កើតច្រកទ្វារ Internet តែមួយនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ត្រាំ អ៉ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ត្រាំ អ៊ីតឹក បានលើកឡើងថា ពេលនេះមានបញ្ហាសំខាន់ និងបន្ទាន់បំផុតមួយ ដែលជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការលើផ្លូវច្បាប់ និងតាមលក្ខណៈបច្ចេកទេសបិទរាល់គណនី/ផេក នៃបណ្តាញសង្គម និងគេហទំព័រទាំងឡាយណា ដែលបានបង្ហោះមាតិកាអនឡាញ ឬវីដេអូផ្សាយបន្តផ្ទាល់ បញ្ចេញសាច់និងកេរិ៍តខ្មាស់ហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរបស់ស្រ្តីខ្មែរ។

លោករដ្ឋមន្រ្តីបានបន្តទៀតថា ពាក់ព័ន្ធនឹងការចាត់វិធានការនេះ យើងមានកិច្ចការបីដែលត្រូវការសហការគ្នា គឺ១៖ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍, ២៖ ការគ្រប់គ្រងមាតិកាបង្ហោះអនឡាញ និងឲ៣៖ ការចាត់វិធានផ្លូវច្បាប់។

ជាលទ្ធផលនៃកិច្ចប្រជុំលោករដ្ឋមន្ត្រីបញ្ជាក់ថា៖

ទី១៖ ដើម្បីជាយន្តការក្នុងការអនុវត្តយូរអង្វែង លើការងារគ្រប់គ្រងការធ្វើអាជីវកម្មសេវាអនឡាញ ត្រូវអនុវត្តតាមខ្លឹមសារដែលកំណត់ដោយច្បាប់ ស្តីពីពាណិជ្ជកម្មអេឡិកត្រូនិក ដោយត្រូវមានការសហការគ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រង និងការចុះបញ្ជីធ្វើអាជីវកម្មសេវាអនឡាញ។

ទី២៖ ដើម្បីទប់ស្កាត់ និងចាត់វិធានការលើបណ្តាគណនី/ផេក នៃបណ្តាញទំនាក់ទំនងសង្គម និងបណ្តាគេហទំព័រទាំងឡាយណា ដែលធ្វើការបង្ហោះមាតិការអនឡាញ ឬវីឌីអូឡាយបន្តផ្ទាល់លក់ផលិតផលនានា បញ្ចេញសាច់/កេរិ៍តខ្មាស់ និងសកម្មភាពអាសអាភាស ធ្វើឱ្យប៉ះពាល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូរបស់ស្រ្តីខ្មែរ ត្រូវអនុវត្តតាមយន្តការការងារ ដែលមានស្រាប់ ស្របតាមប្រកាសរួម ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា រវាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកបន្តថា ហើយក្នុងករណីចាំបាច់ និងមានវិធានការផ្លូវច្បាប់ត្រឹមត្រូវ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពិនិត្យមើលលក្ខណៈបច្ចេកទេស និងសហការជាមួយបណ្តាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក និងប្រតិបត្តិករគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធ និង/ឬម្ចាស់គ្រប់គ្រងគេហទំព័រក្រៅពី(.kh) ដើម្បីចាត់វិធានការបិទគណនី/ផេក និងគេហទំព័រទាំងនោះ៕