(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត KATUR RINE POLAK តំណាងអង្គការ Four Paws និងជាប្រធានទទួលបន្ទុកសុខមាលភាពសត្វអនាថា ប្រចាំតំបន់អាស៊ី បានឲ្យដឹងថា អ្នកបរិភោគ សាច់សត្វឆ្កែ ឆ្មា ក៏អាចប្រឈមនឹងការឆ្លងជំងឺផងដែរ ដោយសារប្រភពសាច់សត្វនោះមិនដឹងច្បាស់ នៅពេលហូបសាច់សត្វមានជំងឺនោះ ជំងឺនឹងឆ្លងមកមនុស្សដូចជាជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀត ដែលនឹងធ្វើឲ្យមនុស្សមានបញ្ហាទាក់ទង និងការបរិភោគសាច់នេះ ដូច្នេះហើយគួរតែបញ្ឈប់ការហូបសាច់ទាំងនេះ។
លោកស្រីវេជ្ជបណ្ឌិត KATUR RINE POLAK បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងពេលដែលលោកស្រីបានដឹកនាំ ក្រុមគ្រូពេទ្យសត្វមកពីប្រទេសជាច្រើនផ្សេងៗគ្នា សហការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា ចុះចាក់វ៉ាកសាំង និងគ្រៀវវប្រដាប់បន្តពូជសត្វ ឆ្កែ និងឆ្មា ប្រមាណ៥០០ក្បាល ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកស្រីបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងជំងឺដែលកើតចេញពីសត្វ ឆ្កែ ឆ្មានេះ ដោយសារតែម្ចាស់សត្វបានយកឆ្កែ ឬឆ្មាដែលឈឺនោះទៅហ្វាម៉ាស៊ី ដោយបានយកថ្នាំរបស់មនុស្សទៅឲ្យសត្វលេប ក្នុងនោះមានថ្នាំពន្យារកំណើត និងថ្នាំព្រូន ដែលថ្នាំនេះមិនត្រូវជាមួយសត្វនោះទេ ដែលជាហេតុធ្វើឲ្យសត្វនោះ មានជំងឺផ្សេងៗដូជាមហារីកដោះជាដើម។
លោកស្រីវេជ្ជបណ្ឌិតក៏បានឲ្យដឹងថា ការជួញដូរ និងបរិភោគសាច់សត្វឆ្កែ ឆ្មា មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺមាននៅប្រទេសផ្សេងទៀត។ លោកស្រីថា សត្វឆ្កែ ក៏បានជួយមនុស្សពិសេសនោះ ក្នុងវិស័យដោះមីន ផ្ទុយទៅវិញមនុស្សមិនបានជួយពួកវាវិញទេ បែជានាំគ្នាលក់ទៅឲ្យគេស្លាប់ទៅវិញ ហើយចំពោះវិស័យទេចរណ៍វិញអ្នកទេសចរណ៍បរទេសគេមិនចង់ឃើញការស្លាប់សត្វឆ្កែ ឆ្មារនោះទេ។
លោកស្រីវេជ្ជបណ្ឌិត KATUR RINE POLAK បានបញ្ជាក់ទៀតថា សម្រាប់ការចុះជួយព្យាបាល ចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃនេះ លោកស្រីវេជ្ជបណ្ឌិតក៏ បានស្នើដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រផងដែរ ដោយធ្វើការទប់ស្កាត់ ឬការជួញដូរសត្វ ឬចាប់សត្វយកទៅលក់ជាដើម។ បើយើងជួយធ្វើហើយ តែបែគាត់យកសត្វទាំងនោះទៅលក់ដដែលវាស្មើមិនបានធ្វើអ្វីសោះ ដូចនេះអ្វីដែលយើងធ្វើនេះ គឺចង់រក្សាសត្វឱ្យនៅជាមួយ គ្រួសាររបស់ពួកគាត់បន្តទៀតតែប៉ុណ្ណោះ។
ចំណែកលោក នីម ដូល្លា ពេទ្យសត្វនៅអង្គការសង្គ្រោះសត្វកម្ពុជា បានឱ្យដឹងដែរថា ជំងឺដែលឆ្លងទៅមនុស្ស គឺជំងឺឆ្កែឆ្កួតមានអត្រាឆ្លងច្រើន ប៉ុន្តែសត្វដែលបានចាក់វ៉ាក់សាំងមិនឆ្លងនោះទេ។ លោកគ្រូពេទ្យសត្វរូបនេះក៏បានអំពាវនាវថា សត្វចឹញ្ចឹមគឺមិនមែនជាសត្វសម្រាប់បរិភោគនោះទេ ពីព្រោះវាដូចជាសមាជិកក្នុងគ្រួសារមួយរូប។ លោកថាបើសត្វឆ្មារមានការថែបានល្អអាចមានអាយុប្រហែល១៥ឆ្នាំ ចំណែកឆ្កែពី២០ ទៅ២៥ឆ្នាំ។
លោកបានបន្តថា ការបង្កើតអង្គការសង្គ្រោះសត្វកម្ពុជានេះ ដោយសារតែមើលឃើញថានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាភ្នំពេញភាគច្រើនមានសត្វអនាថាច្រើន។ ជាងនេះទៅទៀតក្នុងគ្រូសារមួយៗមានចឹញ្ចឹមសត្វច្រើន ហើយគាត់មិនចង់ឲ្យមានកូនច្រើននៅក្នុងផ្ទះច្រើន ដូចនេះគាត់អាចយកទៅគ្រៀវដោយមិនគិតថ្លៃបានផងដែត៕