(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើរតាមនាវាទេសចរណ៍ MS Westerdam មិនទាន់ចាកចេញពីកម្ពុជាអស់នៅឡើយទេ ដោយនៅសេសសល់ប្រមាណជាង១០០នាក់ទៀត ដោយសារតែមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសមួយចំនួន បន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដោយមិនច្បាស់លាស់ថា ខ្លួនរកឃើញករណីកូរ៉ូណាថ្មី (Covid-19) នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងម្នាក់ វ័យ៨៣ឆ្នាំ ដែលចូលមកកម្ពុជាតាមនាវា Westerdam ហើយហោះចូលទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីហោះបន្តទៅកាន់ប្រទេសរបស់ពួកគេវិញ។
ការប្រកាសមិនច្បាស់លាស់របស់ម៉ាឡេស៊ីអំពីការឃើញជំងឺកូរ៉ូណាថ្មីលើអ្នកដំណើរ Westerdam នេះ បានធ្វើឱ្យប្រទេសជាច្រើន មិនបានផ្តល់ទិដ្ឋាការដល់អ្នកដំណើរតាមនាវា Westerdam ឡើយ ទោះបីជាមានការអន្តរាគមន៍ពីប្រទេសរបស់ពួកគេក៏ដោយ ប៉ុន្តែការប្រកាសនេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា, ក្រុមហ៊ុននាវា Westerdam ប្រជាជនសហរដ្ឋអាមេរិក រួមទាំងអង្គការសុខភាពពិភពលោក មានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែខ្លួនបានពិនិត្យម៉ត់ចត់ណាស់លើករណីនេះ។
មូលហេតុដែលកម្ពុជាមិនជឿ ដោយសារតែក្រោយពេលម៉ាឡេស៊ីពិនិត្យនោះ គឺរកឃើញថាប្តីរបស់ស្រ្តីចំណាស់ម្នាក់នោះ ពុំមានឆ្លងជំងឺកូរ៉ូណាទេ ហើយអ្នកដំណើរមួយចំនួនតាមយន្តហោះដែលទៅកាន់ម៉ាឡេស៊ី ជាមួយស្រ្តីរូបនោះក៏មិនមានឆ្លងដែរ។ ជាងនេះទៅទៀត ស្រ្តីវ័យ៨៣ឆ្នាំ ពុំមានរោគសញ្ញាអ្វីទាំងអស់ពេលចូលមកកម្ពុជា ខណៈដែលគាត់បានវិលវល់នៅលើនាវារយៈពេល២សប្តាហ៍មកហើយ ជាមួយគ្នានេះអ្នកដំណើរផ្សេងទៀត នៅលើនាវាក៏មិនមាននរណាម្នាក់បានឆ្លងជំងឺនេះទេ ទោះបីជាប្រាស្រ័យទាក់ទងគ្នា២សប្តាហ៍ហើយក៏ដោយ។
ភាគីទាំងអស់បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ធ្វើតេស្តម្តងទៀតឲ្យបានម៉ត់ចត់បំផុត ទៅលើស្រ្តីជនជាតិអាមេរិកាំងរូបនោះ, ហើយនៅទីបំផុត ! បន្ទាប់ពីមានការទាមទារម្តងហើយម្តងទៀតនេះ ម៉ាឡេស៊ីបានសម្រេចពិនិត្យជាតិថ្មីទៅលើស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំនោះ ដោយលទ្ធផលត្រូវបានប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា គាត់គ្មានមេរោគកូរ៉ូណាថ្មី Covid-19 ឡើយ។
ការប្រកាសលទ្ធផលថ្មី «អវិជ្ជមាន» លើខ្លួនស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃនេះ បានធ្វើឱ្យសាធារណជននៅលើពិភពលោក មិនជឿ និងមិនអស់ចិត្ត ដែលម៉ាឡេស៊ីកន្លងមកបានប្រកាសថា រកឃើញករណីកូរ៉ូណាថ្មី នៅលើខ្លួនអ្នកដំណើរ Westerdam កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនោះ។ សាធារណជនបានលើកឡើងថា ករណីនេះអាចជារឿងនយោបាយ មិនមែនជារឿងបច្ចេកទេសទេ។
ការប្រកាសរបស់ម៉ាឡេស៊ីអំពីការរកឃើញជំងឺកូរ៉ូណាថ្មី លើអ្នកដំណើរ Westerdam នេះមិនត្រឹមតែរារាំងដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមនាវា Westerdam ទាំងនោះទេ ថែមទាំងធ្វើឱ្យពិភពលោកមើលស្រាលចំពោះគុណភាពសុខាភិបាលកម្ពុជា ដែលការពិនិត្យនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) រួមនឹងសហរដ្ឋអាមេរិក ហើយក៏បានវាយប្រហារបំបាក់មុខ និងបំផ្លាញដល់ទឹកចិត្តមនុស្សធម៌ ដែលកម្ពុជាបានផ្តល់ជូនអ្នកដំណើរជាង២២០០នាក់នៅលើនាវា ខណៈដែលប្រទេសចំនួន៤ និងកោះចំនួន២ បានបដិសេធមិនឱ្យចូលចតជាដើម។
ឥឡូវលទ្ធផលថ្មី «អវិជ្ជមាន» Covid-19 នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ដែលបង្ហាញជាថ្មីនៅថ្ងៃនេះគឺជារឿងអាម៉ាស់សម្រាប់ក្រសួងសុខាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលម៉ាឡេស៊ី ហើយជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់កម្ពុជា និងលើកកម្ពស់តម្លៃមនុស្សធម៌របស់ពិភពលោកឡើងវិញ។ ប៉ុន្តែអ្វីដែលគេរង់ចាំមើលនោះ គឺការទទួលខុសត្រូវរបស់រដ្ឋាភិបាលម៉ាឡេស៊ី ទៅលើភាពមិនច្បាស់លាស់ក្នុងការត្រួតពិនិត្យរបស់ខ្លួន បណ្តាលឱ្យមានការខកខានដល់ដំណើរវិលត្រឡប់របស់អ្នកដំណើរទេសចរណ៍តាមនាវា Westerdam និងប៉ះពាល់ដល់ទឹកចិត្តមនុស្សធម៌របស់កម្ពុជា។
ត្រង់ចំណុចនេះ ម៉ាឡេស៊ីគួរធ្វើអ្វីម្យ៉ាងទៅកាន់អ្នកដំណើរតាមនាវា Westerdam ដែលមានរហូតដល់៤១សញ្ជាតិនៅលើពិភពលោក ដែលអ្នកខ្លះបានទៅដល់ប្រទេសរបស់ខ្លួនរួចហើយ ចំណែកអ្នកខ្លះទៀតមិនទាន់បានចាកចេញពីកម្ពុជានៅឡើយដោយសារ តែទទួលរងផលវិបាកពីការប្រកាសរបស់ប្រទេសម៉ាឡេស៊ីនេះ៕