(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ទោះមកទល់នឹងពេលនេះ គ្មានពលរដ្ឋយើងណាម្នាក់ ឆ្លងជំងឺ COVID-19 ក៏ដោយ ក៏ក្រសួងសុខាភិបាល នៅតែបន្ដសហការជាមួយអង្គការដៃគូពាក់ព័ន្ធ ដាក់ចេញនូវកិច្ចការងារសំខាន់ៗ សម្រាប់ការឆ្លើយតបជាបន្ទាន់ នូវការចម្លងវីរុសថ្មីនេះ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
ជាងនេះទៅទៀតនិងបន្ដរៀនសូត្រដកបទសោធន៍នៃការគ្រប់គ្រង ការឆ្លើយតបការស្រាវជ្រាវ ការពិនិត្យ និងការព្យាបាល ជាពិសេសកិច្ចការដែលធ្វើសម្រាប់ពិនិត្យសុខភាព អ្នកដំណើរតាមនាវាខ្នាត Westerdam គឺជាកិច្ចប្រជុំការងារឆ្លើយតបការរាតត្បាតនៃវីរុសកូវីត-១៩។
លើសពីនោះ ក្រសួងសុខាភិបាល នឹងពិនិត្យឡើងវិញនូវបទពិសោធន៍ នៃយន្ដការគ្រប់គ្រងពិភាក្សាគ្នារិះរកនីតិវិធីប្រទាក់ក្រឡា និងការពង្រឹងយន្ដការនៃការឆ្លើយតប ការស្រាវជ្រាវ និងទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មីនៅកម្ពុជា ក្រសួងបានបង្កើតក្រុមការងារ ឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី និងបានបើកកិច្ចប្រជុំការងារជាលើកទី២ផងដែរ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងសុខាភិបាល។
ក្នុងនាមជាប្រធានក្រុមការងារ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នៅតែបន្ដពង្រឹងទៅលើប្រព័ន្ធតាមដានជំងឺឆ្លង ដែលមានស្រាប់ និងអង្កេតស្រាវជ្រាវរកអ្នកប៉ះពាល់ និងករណីសង្ស័យ ព្រមទាំងធ្វើបច្ចុប្បន្នភាព ទិន្នន័យអេពីដេមីសាស្ដ្រ ទាក់ទងនឹងការឆ្លងវីរុសប្រភេទថ្មីនេះ ទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀតដែរ។
លើសពីនោះ ដោយមានកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូផ្សេងៗទៀត ក្រសួងនឹងពិនិត្យឡើងវិញ នូវគោលការណ៍ណែនាំប្រតិបត្ដិ ពិធីសារសម្រាប់ការគ្រប់គ្រងអ្នកជំងឺ និងរៀបចំផែនការបណ្ដុះបណ្ដាល ដល់បុគ្គលិកសុខាភិបាល បន្ដទៀតទាំង២៥ខេត្ដ-ក្រុង។
ជាពិសេស បណ្ដុះបណ្ដាលអប់រំសុខភាពផ្សព្វផ្សាយបន្ថែមជូនដល់ពលរដ្ឋ សហគមន៍សិស្សានុសិស្ស អាណាព្យាបាល និងជនងាយរងគ្រោះ អំពីវិធានការការពារ ចម្លងវីរុស និងចូលរួមរាយការណ៍ ឱ្យទាន់ពេលវេលា នូវករណីសង្ស័យ ចូលរួមចំណែកក្នុងការត្រៀមឆ្លើយតប ក្នុងពេលមានរាតត្បាតនៅក្នុងសហគមន៍ ដែលនឹងអាចកើតឡើងជាយថាហេតុ។ ក្នុងនោះក៏ពង្រឹងលើសមត្ថភាព ក្នុងការគ្រប់គ្រងឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ប្រឌិតមិនពិតផងដែរ ដែលអាចបង្កភាពចលាចលនៅក្នុងសង្គម។
សូមជម្រាបផងដែរថា ក្រសួងសុខាភិបាល ក៏បានស្នើសុំបទពិសោធន៍ និងនីតិវិធីក្នុងការព្យាបាលអ្នកជំងឺរលាកសួតដោយវីរុស COVID-19 ដោយប្រើឱសថ ក្លូរ៉ូគីនផូស្វាត (Chloroquine Chosphate) នៅសាធារណរដ្ឋប្រជាមានិតចិន ពីអង្គការសុខភាពពិភពលោក និងការងារសំខាន់ៗមួយចំនួនទៀត៕