(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានស្នើដល់អ្នកសិក្សាគំរោងប្លង់ ឲ្យផ្សារភ្ជាប់ជាមួយនឹង អត្តសញ្ញាណជាតិខ្មែរ ក្នុងគំរោងប្លង់សាងសង់នីមួយៗ ទោះតិច រឺច្រើនក្តី ដើម្បីរួមចំណែកថែរក្សា លើកកំពស់អត្តសញ្ញាណជាតិខ្មែរ។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពី សំណង់ជូនអ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណង់ លើកទី៣ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីគណៈវិស្វករ គណៈស្ថាបត្យករ និងវិស្វករស្ថាបត្យករ សរុប៧២៥នាក់ ដែលបានចុះបញ្ជី នៅក្រសួងរៀបចំដែនដី។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឲ្យដឹងថា ការដែលក្រសួងរៀបចំដែនដី បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ជូនវិស្វករ និងស្ថាបត្យករជាលើកទី៣ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីប្រមូលនូវធនធានមនុស្ស ដែលចាត់ទុកថា ជាសក្តានុពល សំរាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលធនធានមនុស្សនេះ គឺបាននឹងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួន ក្នុងការរួមចំណែក ដល់កិច្ចអភិវឌ្ឍជាតិ។ ម្យ៉ាងទៀត ក៏ចង់ប្រមូលបាននូវវិស្វករស្ថាបត្យករ ដែលជាអ្នកសិក្សាគំរោងប្លង់ និងអ្នកប្រចាំការ នៅតាមបណ្តាការដ្ឋាន ដើម្បីធ្វើជាឆ្អឹងខ្នងបង្អែក សំរាប់សង្គមជាតិ។
ជាមួយគ្នានេះ ក៏ចង់បង្កើតទំនាក់ទំនង ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាមួយនឹងវិស្វករ និងស្ថាបត្យករដទៃទៀត ទាំងក្នុងនិងក្រៅប្រទេស និងជាមួយបណ្តា ក្រុមហ៊ុន ដើម្បីឲ្យអ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់សិក្សាគំរោងប្លង់នេះ មានការងារធ្វើ ពីព្រោះពេលខ្លះពួកគាត់ មានចំណេះដឹងវិជ្ជាជីវៈហើយ ប៉ុន្តែមិនដឹងថា ត្រូវទៅទំនាក់ទំនងនៅទីណា ដោយនៅក្នុងសមត្ថកិច្ច ដែលក្រសួងរៀបចំដែនដី យើងឃើញថា ប្រសិនបើមានការប្រមូលផ្តុំគ្នា ហើយដាក់ទៅជាលក្ខខ័ណ្ឌនោះ នឹងអាចរកការងារឲ្យធនធានមនុស្ស ដែលយើងកំពុងមានស្រាប់ បាននិងអាចដណ្តើមទីផ្សារបាន។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា ក្រោយពេលបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ទាំងអស់ ដែលបានចូលរួម នឹងទទួល បានការបញ្ជាក់ អំពីការផ្តល់នូវអាជ្ញាបណ្ណ ប្រកបអាជីវកម្មសិក្សាគំរោងប្លង់ពីក្រសួង ដើម្បីឲ្យគ្រប់តាមលក្ខខណ្ឌ័ដែលក្រសួង បានរៀបចំជាពិសេស គឺច្បាប់ស្តីពីសំណង់។ ច្បាប់សំណង់នេះ ត្រូវបានក្រសួង សហការជាមួយក្រសួងដីធ្លី ដឹកជញ្ជូន និងទេសចរណ៍ របស់ប្រទេសជប៉ុន ដោយមានមន្រ្តីជំនាញ របស់ក្រសួងទាំងពីរ រៀបចំតាក់តែងចងក្រង ជាសេចក្តីព្រាងច្បាប់នេះ។
ច្បាប់សំណង់នេះ មានគោលបំណងដើម្បីធានាសុវត្ថិភាព ក្នុងវិស័យសំណង់ សំណង់ត្រូវតែមានភាពរឹងមាំ ការពារផលប្រយោជន៍ របស់ម្ចាស់សំណង់ និងការពារផលប្រយោជន៍សាធារណៈ ដែលចាត់ទុកថា នេះជាចំណុចដ៏សំខាន់ សំរាប់ការសាងសង់ទាំងអស់ និងចង់ឲ្យសំណង់នេះ មានសោភ័ណភាព ចូលរួមចំណែក ក្នុងការអភិវឌ្ឍទីក្រុង ទីប្រជុំជនប្រកប ដោយសុវត្ថិភាព ដែលមានន័យថា រាល់សំណង់ទាំងអស់ ត្រូវតែគោរពទៅតាមប្លង់គោល និងផែនការប្រើប្រាស់ដីធ្លី រឺផែនការនគរូបនីយកម្ម នៅតាមឃុំសង្កាត់ ដោយមិនឲ្យសំណង់ សង់លើដីសាធារណៈ រឺអូរបឹង រឺទីតាំងសាធារណៈមួយចំនួន ដែលទៅអនាគតនាំឲ្យខាតបង់ថវិកាជាតិ រឺពេលវេលាសំរាប់ដោះស្រាយផលប៉ះពាល់នោះឡើយ។
លោកថា ដូច្នេះក្នុងចំណុចនេះ ក្រសួង បានរៀបចំប្លង់រដ្ឋបាល នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេស ដើម្បីដកហេដ្ឋារចនាសម្ព័ន្ធ ចេញឲ្យអស់ ដូច្នេះប្លង់ដែលបានរៀបចំហើយនេះ គឺត្រូវមានការទទួលស្គាល់ និងចុះហត្ថលេខាពីអាជ្ញាធរ ថ្នាក់ក្រោមជាតិហើយបញ្ជូន មកក្រសួងរៀបចំដែនដី ដើម្បីឲ្យការសាងសង់នោះ មានភាពជាក់លាក់ ហើយម្ចាស់សំណង់ មានការនឹងនរចិត្ត និងមិនត្រូវបានរំខាន ដល់ការអភិវឌ្ឍផ្សេងៗទៀត។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានគូសបញ្ជាក់ទៀតថា រាល់សំណង់នេះ ត្រូវសង់មិនឲ្យប៉ះពាល់ ដល់កន្លែងដែលបានដកចេញ ដូចជាទីរមណីយដ្ឋាន ឬក៏មូលដ្ឋានផ្សេងៗទៀត ដែលចាត់ទុកថា ជាទីកន្លែងវប្បធម៌ ឬសំណង់វប្បធម៌នោះទេ ដែលទាំងអស់នេះ គឺដើម្បីធានាឲ្យការអភិវឌ្ឍសំណង់ មានចីរភាព និងធានាដល់ភាពសុខដុម នៅក្នុងសង្គម។
ច្បាប់សំណង់នេះ ក៏មានគោលដៅ ក្នុងការរួមចំណែកលើកកំពស់ជំនឿជឿជាក់ ដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ ដែលមានន័យថា យើងអាចលក់ អចលនទ្រព្យ ដែលយើងបានសាងសង់ ហើយនិងផ្ទេរកម្មសិទ្ធដីធ្លី និងអចលនទ្រព្យផ្សេងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពនឹងនរ ក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួន ដោយស្របច្បាប់គ្មានការព្រួយបារម្ភ។