(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេល០៣ ថ្ងៃ សន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២០ ត្រូវបានប្រារព្វពិធីបិទ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ថ្លែងបិទនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់នូវភាពជោគជ័យនៃការប្រារព្វពិធីសន្និបាត រយៈពេល០៣កន្លងមកនេះ ប្រកបដោយភាពរលូន ក្នុងស្មារតីសហការទទួលខុសត្រូវខ្ពស់។ ក្នុងនោះបានពិភាក្សាផ្លាស់ប្តូរយោបល់ពីចំណុចខ្លាំង ចំណុចខ្សោយ ភាពប្រឈម ដោយបើកចំហរ ជាពិសេស សមាជិកនៃអង្គសន្និបាតទាំងអស់បានទទួល នូវបទពិសោធន៍ និងធាតុចូលជាច្រើន តាមរយៈបទឧទ្ទេសនាម ដែលបង្ហាញដោយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម តំណាងវិស័យឯកជន រួមជាមួយបទបង្ហាញពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញក្រោមឱវាទ និងមតិបន្ថែមពីថ្នាក់ដឹកនាំមួយចំនួនថែមទៀត។
មុនឈានដល់ដំណោះស្រាយ និងការផ្តល់មតិណែនាំជាក់ស្តែងក្នុងអង្គសន្និបាត លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើបទបង្ហាញពាក់ព័ន្ធ និងស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក តំបន់ និងពិភពលោក។ ក្នុងនោះ បានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដោយមានកត្តាសន្តិភាពជាស្នូលដ៏សំខាន់ ហើយនយោបាយឈ្នះៗ និងការដឹកនាំប្រកបដោយភាពវៀងវៃ និងកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំឲ្យកម្ពុជារក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពជាតិដ៏ខ្ពង់ខ្ពស់របស់ខ្លួន លើឆាកជាតិ និងអន្តរជាតិ ប្រកបដោយភាពមោទនៈ។
ឈានដល់មតិបូកសរុប លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំ និងដាក់ចេញនូវវិធានការជាច្រើន ដែលមានចរិតជាកំណែទម្រង់ស៊ីជម្រៅជាងមុន ស្របពេលដែលក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានរាជរដ្ឋាភិបាលប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។ ការប្តូរឈ្មោះ និងបន្ថែមរចនាសម្ព័ន្ធក្រសួងនេះ គឺជាចក្ខុវិស័យដ៏ទូលំទូលាយ និងយូរអង្វែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលយើងទាំងអស់គ្នាត្រូវខិតខំពុះពារក្នុងឆន្ទៈមុតស្រួច ក្នុងមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ទាក់ទងនិងការលើកឡើង ដែលជាសំណូមពរ និងជាកង្វល់របស់បណ្តាមន្ទីរនៅតាមរាជធានី ខេត្ត ក៏ដូចជាអគ្គនាយកដ្ឋានចំណុះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដោះស្រាយ និងណែនាំការងារជាក់ស្តែងជាច្រីន។ ក្នុងនោះការងារសំខាន់ ដែលលោកកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់ គឺការជម្រុញលើកកំពស់វិស័យទឹកស្អាត-វិស័យស្តង់ដារផលិតផល - វិស័យមាត្រាសាស្ត្រ - ការកៀគរ និងណែនាំឲ្យបណ្តាសហគ្រាសខ្នាតតូចនិងមធ្យមមកចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ឲ្យបានច្រើនជាអតិបរមា-ពង្រឹងប្រសិទ្ធិភាពការចុះធ្វើអធិការកិច្ចតាមបណ្តារោងចក្រសហគ្រាស និងជម្រុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាដើម។
ជាពិសេសគឺការផ្តល់សារៈសំខាន់ចំពោះការងារបច្ចេកទេស ក៏ដូចជាការងារស្នូលរបស់ក្រសួងស្ទើរទាំងស្រុង គឺអនុវត្តតាមប្រព័ន្ធ Online ដោយត្រូវកាត់បន្ថយការប្រើក្រដាសស្នាមជា Hard Copy ឲ្យបានច្រើនជាអតិបរមា ដើម្បីពន្លឿនដំណើរការ និងប្រសិទ្ធភាពការងារ។ ស្ថិតក្នុងបរិបទនេះហើយទើបក្រសួងតែងមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីលើជំនាញជាច្រើន ទាំងភាសាបរទេស ជំនាញកំព្យូទ័រ និងបច្ចេកទេសផ្សេងៗ ហើយតែងបំពាក់ឧបករណ៍ និងមធ្យាបាយជាច្រើនបន្តបន្ទាប់សម្រាប់បំពេញការងារនៅអង្គភាពនីមួយៗ។
ជាក់ស្តែងក្នុងអង្គសន្និបាតនេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានសម្រេចប្រគល់រថយន្តផលិតពីប្រទេសកូរ៉េ ដល់មន្ទីរ រាជធានីខេត្តទាំង ២៥ ចំនួន០១ គ្រឿងក្នុងមួយអង្គភាព រួមជាមួយកំព្យូទ័រ ព្រីនធ័រ ម៉ាស៊ីនហ្វូតូកូពី និងឧបករណ៍មាត្រាសាស្រ្ត ដល់គ្រប់ៗអង្គភាពក្រោមឱវាទ និងមន្ទីររាជធានី ខេត្តទាំង២៥៕