(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងមួយទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ករណីសិប្បកម្មដែកមួយកន្លែង ធ្វើសកម្មប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ពោលរកដេកពួនមិនបាននោះឡើយ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា៖
*សុំប្តឹងម្ចាស់ដីឡូតិ៍ឈ្មោះ លឹម ហ៊ុយទី, អឿ ហួរ, និងសុភាវី ផ្ទះលេខ៤៦ ផ្លូវ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
*សុំប្តឹងម្ចាស់សិប្បកម្មដែក ជួលទីតាំងដីឡូតិ៍ខាងលើធ្វើអាជីវកម្ម ឈ្មោះ យាវ សេងឡោ ភេទប្រុស ទូរស័ព្ទលេខ ០៩៣ ៤៧៦ ៦៥៦ និង ០៨៩ ២៩០ ០០១។
បើតាមពាក្យបណ្តឹង មូលហេតុនៃការធ្វើបណ្តឹង ដោយសារម្ចាស់សិប្បកម្មខាងលើ ធ្វើអាជីវកម្មបំពានសេចក្តីសម្រេចេរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងមិនគោរពតាម ចំណាត់ការរបស់ សាលាខណ្ឌមានជ័យ។
យោងតាមពាក្យបណ្តឹងដដែលនេះ បានបញ្ជាក់បន្ថែមថា ដោយសារតែម្ចាស់សិប្បកម្មនេះ ប្រកបអាជីវកម្មគ្មានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពកាត់ដែក ឆាបដែក ផ្សារដែកអេឡិចត្រូនិច និងបាញ់ថ្នាំបង្កសម្លេងរំខាន និងមានក្លិនពុល ហុយធូលី ប៉ះពាល់សុខភាពអ្នកជិតខាងយ៉ាងធ្ងន់ធ្ងរ មន្ទីរជំនាញបានចុះត្រួតពិនិត្យ និងចេញសេចក្តីសម្រេចបិទអាជីវកម្មដែកនេះទាំងស្រុង និងឲ្យដូរទីតាំង ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប៉ុន្តែម្ចាស់អាជីវកម្មដែកនេះ ផ្គើនអ្នកជិតខាងនៅតែបន្តធ្វើដដែល ដោយប្តូររូបភាពបើកចំហជញ្ជាំងសង្ក័សី ជ្រុងផ្នែកខាងក្រោយ ហើយធ្វើសកម្មភាពទ្រង់ទ្រាយតូចជាចំហ និងមានសកម្មភាពកម្មករលួចលាក់ ធ្វើនៅពេលយប់ កាត់ដែក ឆាបដែក ផ្សារដែកអេឡិចត្រូនិច និងបាញ់ថ្នាំបង្ហុយក្លិន និងធូលីដាក់ផ្ទះអ្នកជិតខាងដដែល។ នៅពេលអ្នកជិតខាងប្រតិកម្ម ក៏បង្កើតមានកម្មករស្រែកឡូឡា ទម្លាក់ដែក ចាក់បាស់ បង្កសម្លេងរំខានអ្នកជិតខាងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់ សុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ៕
ខាងក្រោមនេះ ជាពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ៖