(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគជិត៣០លានដុល្លារអាមេរិក និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។
CDC បានបញ្ជាក់លើ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៣ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន TOMKINS CHAMOIS (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរ សម្ភារៈសម្រាប់សម្អាតរថយន្ត (ក្រណាត់ជូតកញ្ចក់ កន្សែងជូតរថយន្ត ស្រោមដៃជូតរថយន្ត និងអេប៉ុង) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៧កន្លែង។
២៖ ក្រុមហ៊ុន LAI MAN INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។
៣៖ ក្រុមហ៊ុន TRIMAX APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដី និងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៦០កន្លែង៕