(កណ្តាល)៖ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយក្រុមនិស្សិតជប៉ុន បន្តចុះសួរសុខទុក្ខ និងនាំកង់យកទៅចែកជូនដល់សិស្សក្រីក្រ ដែលកំពុងរស់នៅក្នុងអង្គការ «ការអភិវឌ្ឍកុមារកម្ពុជា» នៅសង្តាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការនាំយកកង់ ដើម្បីទៅចែកជូនដល់កុមារក្រីក្រនាថ្ងៃនេះ គឺមានការសម្របសម្រួលពីសំណាក់សមាគមមិត្តភាព អាស៊ី ខ្មែរ ជាមួយនឹងសមាគមមិត្តភាព អាស៊ី ជប៉ុន ដែលខិតខំកៀងគរកង់ ព្រមទាំងសម្ភារសិក្សានានា ដើម្បីប្រគល់ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តយកមកចែកជូនដល់កុមារក្រីក្រ នៅតាមមូលដ្ឋានរបស់កម្ពុជា ផងដែរ។
ក្នុងឱកាសនោះដែរលោក កែវ រ៉េមី បានណែនាំដល់កុមារ កុមារី តូចៗដែលកំពុងតែរស់នៅក្នុងអង្គការការអភិវឌ្ឍកុមារកម្ពុជាទាំងអស់ ឱ្យយល់ដឹងពីសារៈប្រយោជន៍នៃការប្រើប្រាស់កង់ ដែលខាងភាគីជប៉ុន នាំយកមកប្រគល់ជូននាពេលនេះ និងបានផ្ដាំផ្ញើដល់ក្មួយៗកុមារទាំងអស់ សូមឱ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់អាណាព្យាបាល អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀនសូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត ក្លាយជាទំពាំងស្នងឫស្សី សម្រាប់បន្តវេនមនុស្សជំនាន់ក្រោយៗទៀត។
លោក កែវ រ៉េមី បានលើកឡើងបន្ថែមថា នៅពេលដែលក្មួយៗ ទទួលបាននូវកង់ដល់ស្រស់ស្អាតនេះ ត្រូវចេះថែរក្សាឱ្យបានគង់វង្ស និងសូមក្មួយៗ ជិះកង់ដោយប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ចាប់ខ្ជួន ដើម្បីបង្ការ កុំឱ្យមានគ្រោះថ្នាក់ ចរាចរបណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និងពេលវេលារៀនសូត្រទៀតផង។
ក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានថ្លែងអំរគុណដល់ក្រុមនិស្សិតជប៉ុនទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ជួយសម្រាលការលំបាក របស់កុមារក្រីក្រកម្ពុជា ដែលកំពុងតែស្នាក់នៅ និងរៀនសូត្រ នៅក្នុងអង្គការ «ការអភិវឌ្ឍកុមារកម្ពុជា» នាពេលនេះ និងសំណូមពរដល់ភាគីជប៉ុនបន្តជួយជាសម្ភារសិក្សាផ្សេងៗទៀត ដល់អង្គការ ដើម្បីជួយកាត់បន្ថយការលំបាករបស់ពួកគាត់។
គួរជម្រាបដែលថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី ជានិច្ចកាលតែងតែកៀងគររៃអង្គាសថវិកា ឬសម្ភារសិក្សាផ្សេងៗពីសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីយកទៅចែកជូនដល់កុមារកំព្រា និងកុមារក្រីក្រ នៅតាមមណ្ឌល ឬអង្គការគាំពារកុមារកំព្រានានា ជួយឧបត្ថម្ភដល់ពួកគេជាដើម មិនតែប៉ុន្តែ គណៈកម្មាធិការសិទ្ធិមនុស្ស បានយកចិត្តទុកដាក់ដោយចែកកង់ និងសម្ភារសិក្សាជូនដល់កុមារក្រីក្រ ចំនួន១៦ភូមិ ស្ថិតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ផងដែរ៕