Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស.ស.យ.ក ខេត្តស្វាយរៀង បង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក!

21-02-2020 15:31

(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ក្រោមប្រធានបទ «ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ» "NO KIDS DROWN" របស់ ស.ស.យ.ក ខេត្តស្វាយរៀង ស្ថិតនៅក្នុងសាលាបឋមសិក្សាឈូកមាស ភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពិធីនេះ មានការចូលរួមពីសំណាក់លោកអធិការរងនគរបាលស្រុកស្វាយជ្រំ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ខេត្តស្វាយរៀង លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ គ្រូបង្ហាត់ គណៈកម្មាធិការ សសយក ស្រុកស្វាយជ្រំគណៈកម្មាធិការ ស.ស.យ.ក ឃុំស្វាយយា និងក្មួយៗសិស្សានុសិស្ស សរុបអ្នកចូលរួមប្រមាណ១៥០នាក់។

ក្នុងឱកាសនោះដែរលោក តូច ប៉ូលីវ៉ា បាននាំយកការសួរសុខទុក្ខ របស់លោក ឌី វិជ្ជា ជូនដល់ក្មួយៗ សិស្សានុសិស្ស ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល ព្រមទាំងសំណូមពរដល់ក្មួយៗ ត្រូវយកចិត្តទុកដាក់ក្នុងហ្វឹកហាត់ ខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន អនាម័យខ្លួនប្រាណ ពិសេសត្រូវលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ៗ ពេលទៅណាមកណា ត្រូវពាក់មួកសុវត្ថិភាពជានិច្ច មិនត្រូវសាកល្បងលេងទឹកស្រះ ត្រពាំង អូរ ព្រែកឡើយ និងបានថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ គ្រូបង្ហាត់ បងប្អូនយុវជន៕