(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការសម្លាប់សត្វចិញ្ចឹម ឆ្កែ ឆ្មារនៅតាមផ្ទះក៏ដូចជា ចង់ឱ្យប្រជាពលរដ្ឋឈប់ទទួលទានសាច់សត្វទាំងនេះ និងងាកមកស្រលាញ់ពួកវា អង្គការ Four Paws ដែលជាអង្គការទទួលបន្ទុកសុខមាលភាពរបស់សត្វចិញ្ចឹម និងសត្វអនាថា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមគ្រូពេទ្យសត្វមកពីប្រទេសជាច្រើនផ្សេងៗគ្នា សហការជាមួយអង្កការសង្គ្រោះសត្វកម្ពុជា ចុះចាក់វ៉ាកសាំង និងក្រៀវប្រដាប់បន្តពូជសត្វ ឆ្កែ និងឆ្មារ ប្រមាណ ៥០០ក្បាល ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិត KATUR RINE POLAK តំណាងអង្គការ Four Paws និងជាប្រធានទទួលបន្ទុកសុខមាលភាពសត្វអនាថា ប្រចាំតំបន់អាស៊ី បានឲ្យដឹងថាមូល ហេតុដែលអង្កការ របស់លោកស្រី បានសហការជាមួយអង្កការសង្គ្រោះសត្វកម្ពុជា ចុះមកចាត់វ៉ាក់សាំង ក្រៀវសត្វឆ្កែ ឆ្មារនេះ ដោយសារតែមើលឃើញថា អ្នកស្រុក នៅលើកកោះដាច់នេះ បានចឹញ្ចឹមសត្វច្រើន និងដោយសារតែយល់ឃើញថា ប្រជាពលរដ្ឋនៅលើកោះនេះស្រឡាញ់សត្វ ហើយម៉្យាងទៀតនោះ នៅតំបន់នេះ ពុំមានពេទ្យសត្វ និងសេវាព្យាបាលសត្វនោះទេ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ដោយមានការសំណូមពរពីប្រជាពលរដ្ឋផងនោះ ក្រុមគ្រូពេទ្យ នឹងធ្វើការព្យាបាលសត្វនៅលើតំបន់កោះដាច់នេះ រយៈពេល ៨ថ្ងៃ ដោយធ្វើការជាមួយសត្វចឹញ្ចឹម និងសត្វដែលគ្មានអ្នកចឹញ្ចឹម (សត្វអនាថា) នៅតាមផ្លូវដោយមិនគិតថ្លៃ ជាមួយនឹងការព្យាបាលចាក់វ៉ាសាំង និងក្រៀវ។
លោកស្រីថា ការក្រៀវសត្វឆ្កែ និងឆ្មារនេះ បានផ្តល់ប្រយោជន៍យ៉ាងដល់ម្ចាស់ដូចជា៖ ជួយការពារសត្វទាំងនោះឲ្យរួចផុតពីជំងឺផ្សេងៗ ហើយធ្វើឲ្យសត្វនោះសប្បាយ និងមិនសូវកាច។
លោកស្រីវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា «ការធ្វើការនៅថ្ងៃនេះក៏ជាសារមួយក្នុងការទប់ស្កាត់ការហូបសាច់សត្វ ឆ្កែ ឆ្មារ ដែលនៅតំបន់មួយចំនួនប្រទេសកម្ពុជា បានកំពុង បរិភោគសាច់ទាំងនេះ។ ប៉ុន្តែនៅកោះដាច់នេះមិនមានកន្លែងលក់សាច់សត្វឆ្កែនោះទេ ខ្ញុំចង់បន្តឲ្យនៅកោះដាច់នេះបន្តកុំឲ្យមានការលក់សាច់ឆ្កែ ឆ្មារ បន្តទៀត។ ដូច្នេះហើយនៅពេលយើងព្យាបាល ចាក់វ៉ាសាំងសត្វទាំងនោះទេ នឹងធ្វើឲ្យម្ចាស់សត្វគ្រប់គ្រង និងស្រឡាញ់សត្វរបស់គាត់បន្តទៀត»។
លោកស្រី ក៏បានលើកឡើងថា សត្វឆ្កែ ក៏បានជួយមនុស្សពិសេសនោះនៅក្នុងវិស័យដោះមីន ផ្ទុយទៅវិញមនុស្សមិនបានជួយពួកវាវិញទេ បែជានាំគ្នាលក់ទៅឲ្យគេស្លាប់ទៅវិញ។ ចំពោះវិស័យទេចរណ៍វិញអ្នកទេសចរណ៍បរទេសគេមិនចង់ឃើញការស្លាប់សត្វឆ្កែ ឆ្មានោះទេ។ សម្រាប់ការចុះជួយព្យាបាល ចាស់វ៉ាក់សាំងដោយមិនគិតថ្លៃនេះ លោកស្រីវេជ្ជបណ្ឌិតក៏បានស្នើដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រផងដែរ ដោយធ្វើការទប់ស្កាត់ការជួញដូរសត្វ ឬ ចាប់សត្វយកទៅលក់ជាដើម។
ចំណែកលោក នីម ដូល្លា ពេទ្យសត្វនៅអង្កការសង្គ្រោះសត្វកម្ពុជា បានលើកឡើងថា អង្កការលោកបានចាក់វាក់សាំង និងក្រៀវសត្វដោយមិនគិតថ្លៃនោះទេ ហើយ ការមកក្រៀវ ចាក់វ៉ាក់សាំង និងព្យាបាលឱ្យសត្វ ឆ្កែ ឆ្មារ នៅលើកោះដាច់នេះនិងធ្វើឡើងក្នុរយៈពេលជាច្រើនថ្ងៃតទៅទៀត ដោយលោករំពឹងថា និងអាចក្រៀវ និងចាក់វ៉ាក់សាំងឱ្យសត្វ ធ្វើយ៉ាងណាទៅអាចធ្វើបានដូចការំពឹងទុកចំនួន៥០០ ក្បាល។
លោក នីម ដូល្លា បានឲ្យដឹងទៀតថា ចាប់តាំងពីការបង្កើតអង្កការសង្គ្រោះសត្វកម្ពុជាមក ភាគច្រើនគឺបានធ្វើការព្យាបាលដល់សត្វដោយការវះកាត់ និងក្រៀវ ហើយសត្វ ដែរសហការព្យាបាលនោះគឺសត្វនៅតាមវត្តនៅក្នុងរាជធានីភ្នំពេញ ដោយភាគច្រើនដែលសត្វទាំងនោះ គឺកើតជំងឺលើស្បែក និងជំជឺរាគ (ប៉ាវូ) ជំងឺដុំគីស ដុះលើប្រដាប់ភេទជាដើម។
ពេទ្យសត្វនៅអង្កការសង្គ្រោះសត្វកម្ពុជា បានបញ្ជាក់ថា វិធីក្រៀមចំពោះសត្វ ជាវិធីព្យាបាលល្អបំផុតសម្រាប់ចឹញ្ចឹមសត្វ ព្រោះរាល់ជំងឺដែលកើតលើសត្វ សុទ្ធតែបណ្តាលឲ្យងាប់ បើសិនកើតមានបញ្ហាធ្ងន់ធ្ងរលើស្បែកនោះ៕