(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។
ជនសង្ស័យមានឈ្មោះ ឡុង រ៉ាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៧ឈានចូល១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣:២០នាទី រំលងអាធ្រាត្រ នៅចំណុចលើចិញ្ចើមផ្លូវលេខ១២៨ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារធំថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងពេលដែលរូបគេ រួមនិងបក្ខពួកម្នាក់ទៀត ឈ្មោះ ណៃ(គេចខ្លួន)។
ពួកគេបានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ម៉ាក Oppo ពណ៌ខ្មៅបានសម្រេច ភ្លាមនោះ ជនរងគ្រោះបានដេញតាម ស្របពេលដែលកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនម្នាក់ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕