(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈឿន វុឌ្ឍី ប្រធានផ្នែកវះកាត់មន្ទីរពេទ្យកុមារជាតិ បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលទាំងអស់ ដែលមានកូនកើតមកមានជើងខ្វេរ ត្រូវរូសរាន់នាំមកព្យាបាលជាបន្ទាន់ ដើម្បីបញ្ចៀសកុំឲ្យកុមារមានពិការភាពទៅថ្ងៃអនាគត ហើយការព្យាបាលនេះ ដោយឥតគិតថ្លៃនោះទេ។
ការថ្លែងបែបនេះ របស់លោកសាស្ដ្រចារ្យ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី៨ ស្តីពី «ការព្យាបាលកុមារជើងខ្វេរពីកំណើត តាមបច្ចេកទេស PONSETI នៅព្រឹកថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២០នៅមន្ទីរពេទ្យកុមារជាតិ។
ប្រធានផ្នែកវះកាត់មន្ទីរពេទ្យកុមារជាតិបានថ្លែងបន្ដថា កុមារកើតមកមានជើងខ្វេរ ហើយទទួលបានការព្យាបាលភ្លាមៗនោះពិតជាជួយឲ្យពួកគេចៀសផុតពីពិការភាពទៅថ្ងៃអនាគត តាមរយៈការព្យាបាលដោយបច្ចេកទេស PONSETI ដែលជាវិធីព្យាបាលមិនធ្វើការវះកាត់ ដោយព្យាបាលដោយការពត់តម្រង់ជើងកុមារ ហើយរុំម្នាងសិលា និងពាក់រណប ដើម្បីតម្រង់ជើងកុមារឲ្យបានត្រង់ដូចដើមវិញ។
លោកសាស្ត្រាចារ្យ ឈឿន វុឌ្ឍី ថ្លែងបន្ដថា បើទុកកុមារទាំងនោះយូរឆ្នាំ មិនធ្វើការព្យាបាល ធ្វើឲ្យយើងពិបាកក្នុងការព្យាបាល ឬអាចឈានដល់ការវះកាត់ទៀតផង។ ដូចនេះកុមារទើបកើតភ្លាម ដែលមានជើងខ្វេរ ត្រូវទទួលការព្យាបាលភ្លាមអាចព្យាបាលបានជាសះស្បើយ និងអាចដើរដូចមនុស្សធម្មតាបើទុកយូរឆ្នាំពិបាក ក្នុងការព្យាបាលឬឈានដល់ការវះកាត់ទៀតផង»។
លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា តាមស្ថិតិបានឲ្យដឹងថា នៅកម្ពុជាមួយឆ្នាំៗ មានកុមារកើតមកមានជើងខ្វេរប្រមាណជាង៤០០នាក់ ដែលជាចំនួនយ៉ាងច្រើន ដែលទាមទារឲ្យមានការព្យាបាលឲ្យបានល្អប្រសើរ បើមិនបានព្យាបាលទេ នឹងធ្វើឲ្យកុមារមានភាពពិការ នឹងទទួលការរើសអើងទាំងក្នុងគ្រួសាររហូតដល់សង្គមខាងក្រៅ។
ជាងនេះទៅទៀត បានពន្យល់ថា តាមការស្រាវជ្រាវមិនមានមូលហេតុពិតប្រាកដណាមួយ ដែលបណ្តាលឲ្យកុមារកើតមកជើងខ្វេរនោះទេ ប៉ុន្តែមូលហេតុចំបងមួយដែលបណ្តាលឲ្យកុមារកើតមកមានជើងខ្វេរនោះ គឺការកង្វះអាហារូបត្ថម្ភរបស់ស្ត្រីជាម្តាយ នៅពេលកំពុងមានផ្ទៃពោះ មានពីជំងឺផ្សេងៗព្រោះថាភាគច្រើនកុមារកើតជើងខ្វេរនៅតាមគ្រួសារ ដែលមានប្រាក់ចំណូលទាប ឬមធ្យម។
លោកប្រធានផ្នែកវះកាត់មន្ទីរពេទ្យកុមារជាតិ បានអំពាវនាវដល់មាតាបិតាពេល ដែលមានកូនកើតមកមានជើងខ្វេរ ត្រូវនាំមកព្យាបាលភ្លាម ដើម្បីឲ្យកុមារអាចដើរ និងចូលរួមនៅក្នុងសង្គមបានពេញលេញដូចគេដូចឯង ប្រសិនបើទទួលបានការព្យាបាលបានត្រឹមត្រូវ ពោលគឺមាតាបិតាត្រុវអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយម្យ៉ាងទៀតការព្យាបាលទៅលើកុមារខ្វេរជើងពីកំណើតនេះ គឺក្រសួងសុខាភិបាលមិនយកថ្លៃទេ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា ជំងឺជើងខ្វេរ ជាជំងឺមួយដែលកើតមានតាំងពីកំណើតមកដល់កុមារ ហើយជំងឺជើងខ្វេរនេះអាចបណ្ដាលឲ្យកុមារពិការភាព បើសិនជាកុមារទាំងនោះមិនបានព្យាបាលតាមលក្ខណៈវិទ្យាសាស្ត្របានត្រឹមត្រូវនោះ។
លោកបន្តថា កន្លងមកនេះ ផ្នែកជំនាញវះកាត់របស់មន្ទីរពេទ្យកុមារជាតិ បានសហការជាមួយជាមួយអង្គការដៃគូ បានយ៉ាងល្អបានបើកវគ្គបណ្តុះបណ្តាលជាច្រើនដល់គ្រូពេទ្យ ដើម្បីឲ្យពួកគេមានចំណេះដឹង និងជំនាញថ្មីៗក្នុងការព្យាបាលដល់កុមារខ្វេរជើងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយកុំឲ្យកុមារវិវត្តទៅរកភាពពិការភាព។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ម៉ុយ ស៊ាងហ៊ន អនុប្រធាននាយកដ្ឋានការពារសុខភាពរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅកម្ពុជាមានកុមារពី៣៧៥ករណី ដល់៤០០ករណី ដែលកើតមកមានជើងខ្វេរ ដែលជាចំនួនមួយដ៏ច្រើន ដែលទាមទារឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ជាទីបំផុត ដើម្បីឲ្យគ្រូពេទ្យអាចមានសមត្ថភាពក្នុងការព្យាបាលកុមារមានជើងខ្វេរឲ្យបានត្រឹមត្រូវ និងស្របតាមបច្ចេកទេស ជាពិសេសចូលរួមចំណែកធ្វើការព្យាបាលដល់កុមារ ឲ្យកាន់តែល្អប្រសើរថែមទៀត សំដៅកាត់បន្ថយការចំណាយទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕