(ស្វាយរៀង)៖ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ចំនួន៤៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា-ទារក-កុមារ ទូទាំងប្រទេស ហើយដែលប្រធានបទសម្រាប់ឆ្នាំ ២០២០ នេះផ្តោតលើ (សុខភាពកុមារកម្ពុជានាពេលអនាគត) និងដើម្បីដាស់តឿន លើកទឹកចិត្តឱ្យស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។
ក្នុងឱកាសនោះដែរលោក ម៉ែន វិបុល ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ម៉ែន វិបុល បានថ្លែងថា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា-ទារក-កុមារ ទូទាំងប្រទេស ហើយដែលប្រធានបទសម្រាប់ ឆ្នាំ២០២០នេះ ផ្តោតលើ សុខភាពកុមារកម្ពុជា នាពេលអនាគត និងដើម្បីដាស់តឿន លើកទឹកចិត្តឱ្យស្ត្រីមកសម្រាលកូន នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ។
ប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើរដល់ស្ត្រីក្រោយសម្រាលកូនទាំងអស់ ត្រូវតែបោះបង់ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះយោបល់ ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារី ឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសារស្រា ឬជាតិស្រវឹង ក្នុងពេលមានគក៌ ហើយជាពិសេសត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដោយឆ្មបជំនាញដែល បានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។ អំណោយដែលបានផ្តល់សម្រាប់ម្តាយ ៤៣នាក់ ក្នុងម្នាក់ទទួលបាន៖ សារុង១ ភួយ ១ ក្រមា ១ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២គីឡូក្រាម ថវិកា ៥០,០០០រៀល សម្រាប់ទារក ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ ក្រណាត់ត្រីកោណ ១ ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនកម្មេង ១ ដប ម្សៅកូនក្មេង ១ដប៕