(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការស៉ើបអង្កេតស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីគំរាមកំហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយជាសាធារណៈ នៅក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
មន្រ្ដីនគរបាលបានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ។
បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៉ឹម អូន អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ មានអាយុ២២ឆ្នាំ មានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្រ្តីនគរបាល បានបន្តថា កាលពីអំឡុងឆ្នាំ២០១៧ នារីរងគ្រោះបានស្គាល់ និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយមកនារីរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតបានរួមរស់ជាមួយគ្នា ហើយជនសង្ស័យ តែងតែថតរូបអាក្រាតកាយរបស់នារីរងគ្រោះ ទុកក្នុងទូរស័ព្ទដៃរបស់ខ្លួនជានិច្ច។
លុះមកដល់ឆ្នាំ២០១៩ នារីរងគ្រោះបានដឹងថា ជនសង្ស័យមានប្រពន្ធ និងមានកូនពីរនាក់ទៀត ទើបនាងសុំបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រមទេ។ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នារីរងគ្រោះបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងរបស់ខ្លួន។
ខណៈភ្ជាប់ពាក្យបាន ២ថ្ងៃ ជនសង្ស័យក៏បានឆាតប្រាប់ទៀតថា មិនឲ្យរៀបការទេ បើមិនដូច្នោះខ្លួននឹងធ្វើឲ្យនាង ត្រូវសងបណ្ណាការគេ និងគំរាមសម្លាប់ជាច្រើនលើកច្រើនសារ។ បន្ទាប់មក ជនសង្ស័យបានផ្ញើរូបអាក្រាតកាយរបស់នារីរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួនទៅគូដណ្តឹង និងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូដណ្តឹងរបស់នារីរងគ្រោះ បានសុំផ្តាច់ពាក្យនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនព្រមរៀបការជាមួយនារីរងគ្រោះឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ។
ដោយមានភាពអាម៉ាស់ និងត្រូវសងថ្លៃបណ្ដាការទៅខាងគូដណ្ដឹង ក្រោយគូដណ្ដឹងសុំផ្ដាច់ពាក្យ នារីរងគ្រោះក៏បានដាក់ពាក្យប្ដឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីជួយអន្ដរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើ យកមកចាត់ការតាមច្បាប់។
បន្ទាប់ពីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រតិស្រាល ទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ ភ្លាមនោះក៏ធ្វើការស៉ើបអង្កេត និងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យនៅក្នុងរោចក្រមួយកន្លែង នៅរាជធានីភ្នំពេញ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕