(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា គ្រប់រថយន្ដដឹកទំនិញទាំងអស់ ត្រូវផ្ដល់ការអនុគ្រោះឲ្យផ្ទុកទំនិញលើសទម្ងន់ ត្រឹម៥ភាគរយ នៃទម្ងន់ដែលច្បាប់បានកំណត់ ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម របស់ប្រជាពលរដ្ឋ ប៉ុន្តែក្រសួងលើកទឹកចិត្តកុំឲ្យដឹកលើសទម្ងន់ បើលើសកំណត់ក្រសួងនឹងមិនលើកលែងនោះឡើយ។
ការចេញមកបញ្ជាក់ជាថ្មីរបស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្រោយមានការលើកឡើងថា ការអនុវត្តរបស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដអចល័ត (ជញ្ជីងគោលដៅ) និងការអនុវត្តរបស់ក្រុមការងារជញ្ជីងចល័ត ហាក់មានការផ្ទុយគ្នា ដោយជញ្ជីងអចល័តផ្ដល់ការអនុគ្រោះ ប៉ុន្ដែជញ្ជីងចល័តមិនផ្ដល់ការអនុគ្រោះនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានអះអាងថា បើទោះបីក្រសួងផ្ដល់ការអនុគ្រោះក៏ពិតមែន ប៉ុន្ដែមិនមែនមានន័យថា ក្រសួងលើកទឹកចិត្តឲ្យម្ចាស់ក្រុមហ៊ុនរកស៉ីដឹកជញ្ជូន ដឹកទំនិញលើសច្បាប់កំណត់នោះទេ។
បើតាមលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរ ក្រសួងសាធារណការ និងដឹកជញ្ជូន លើកទឹកចិត្តឲ្យអ្នករកស៉ី ដឹកទំនិញទាំងអស់ ត្រូវគោរពច្បាប់ ពិសេសកុំផ្ទុកទំនិញលើសពីអ្វីដែលបានកំណត់ បើមិនដូច្នេះទេ ក្រសួងនឹងមិនលើកលែងនោះឡើយ ហើយត្រូវផាកពិន័យទៅតាមច្បាប់កំណត់ជាធរមាន។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ឥលូវអនុគ្រោះជូនកាលគ្នាថ្លឹងទៅលើកន្លះតោន លើសមួយតោន បើយើងតឹងពេកក៏មិនកើតនោះដែរ ចឹងក្នុងច្បាប់យើង អនុក្រឹត្យយើងកំណត់ថាឲ្យលើសយ៉ាងច្រើន៥ភាគរយ។ ចឹងបើឡានហ្នឹង៣០តោន កុំឲ្យលើស៥ភាគរយ នៃ៣០តោន នេះក្នុងច្បាប់មានចែងគេអនុគ្រោះឲ្យ»។
យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលស្គាល់ថា ជញ្ជីងថ្លឹងរថយន្ដនៅតាមស្ថានីយ៍ខ្លះ ហាក់មានការខុសគ្នាបន្ដិចបន្ដួច ក៏ដោយសារការថែទាំមិនដិតដល់ ប៉ុន្ដែក្រសួងត្រៀមចុះពិនិត្យគ្រប់ស្ថានីយ៍ថ្លឹងរថយន្ដទាំងអស់នៅទូទាំងប្រទេស ដើម្បីកំណត់ឲ្យត្រឹមត្រូវឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អះអាងថា នាពេលថ្មីៗខាងមុខនេះ ក្រសួងនឹងរៀបចំជញ្ជីងថ្លឹងរថយន្ដក្រោមដីបន្ថែមទៀត ហើយគ្រាន់តែរថយន្ដបើកកាត់ មន្ដ្រីជំនាញនឹងដឹកទម្ងន់ដែលរថយន្ដនោះផ្ទុក ហើយប្រសិនបើឃើញលើសទម្ងន់ នឹងតម្រូវឲ្យចូលថ្លឹងនៅស្ថានីយ៍ ប៉ុន្ដែបើមិនលើសទេ គឺអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា។
លោក ស៊ុន ចាន់ថុល បានឲ្យដឹង កាលដែលក្រសួងធ្វើបែបនេះ ដើម្បីសម្រួលកុំឲ្យម្ចាស់រថយន្ដដែលដឹកទំនិញមិនលើសទម្ងន់ ខាតពេលរង់ចាំចូលថ្លឹង នៅស្ថានីយ៍នោះទេ។ លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា ប្រភេទជញ្ជីងថ្លឹងរថយន្ដដែលបង្កប់ក្រោមដីនេះ គឺប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចទាំងអស់ ដើម្បីទប់ស្កាត់ និងលុបបំបាត់ភាពអវិជ្ជមានផ្សេងៗដែលអាចកើតឡើង។ លើសពីនោះទៀតលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅពេលខាងមុខក្រសួងនឹងរៀបចំឲ្យមានប្រព័ន្ធ GPS ដើម្បីតាមដានរថយន្តដឹកទំនិញដែលមានចេតនាគេចចេញពីការថ្លឹង និងជាការគ្រប់គ្រងលើបញ្ហាផ្សេងៗផងដែរ៕