(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមរបស់ឯកអគ្គរាជទូតលុចសំបួរប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក លោក Jean Paul Senninger ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, ប្រទេសលុចសំបួរ បានលើគម្រោងពង្រីកកិច្ចសហប្រតិបត្ដិការ ក្នុងការនាំយកឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ ប្រើដោយកំដៅព្រះអាទិត្យ(សូឡា) ឬទូកកកសម្រាប់រក្សាទុកថ្នាំវ៉ាក់សាំងរបស់ខ្លួនចូលមកកម្ពុជា។
ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ប្រទេស លុចសំបួរ ដែលកន្លងមក តែងតែឧបត្ថម្ភគាំទ្រកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល តាមរយៈចូលរួមជាមួយអង្គការនានា ផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ ដើម្បីស្ដុកទុក (ក្លាសេ)នូវថ្នាំវ៉ាក់សាំង ឬឈាមតាមពេលវេលាសមស្រប សម្រាប់ផ្ដល់សេវាជួយសង្គ្រោះពលរដ្ឋកម្ពុជា។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកសរសើរពីបច្ចេកវិទ្យាថ្មី ក្នុងការបង្កើតឧបករណ៍នូវប្រព័ន្ធត្រជាក់ថ្មី ដែលប្រើដោយកំដៅព្រះអាទិត្យនេះ មកផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យកម្ពុជា។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងឱ្យថា ក្រសួងនឹងពិចារណាលើវិធីសាស្ដ្រការងារក្នុងការសហការគ្នា ដោយធ្វើយ៉ាងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជន។
ជំនួបពិភាក្សាការងារ និងការពង្រីកនូវកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល។
សូមជម្រាបថា ប្រទេសលុចសំបួរ ដែលជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុប ប្រទេសនេះនៅចន្លោះប្រទេសបារាំង និងអាល្លឺម៉ង់ ដែលកន្លងមក បានជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា តាមរយៈចូលរួមឧបត្ថម្ភគាំទ្រលើកម្មវិធីជាតិ ចាក់ថ្នាំបង្ការ ហើយគ្រោងនឹងបន្ដសហការគ្នាលើការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ថ្មីទៀតមកកម្ពុជាផងដែរ៕