(ភ្នំពេញ)៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ស្ត្រី វ៉ែន រចនា ហៅ ថៃ ស្រីនាង តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ។
កាលពីររសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានបញ្ជូន ថៃ ស្រីនាង ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការពិនិត្យ និងបើកការស៊ើបសួ ឈានទៅរកការចោទប្រកាន់តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែល អំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយស្រ្តីរូបនេះ បានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនោះ ហើយមិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួន កម្លាំងនគរបាលក៏បានទៅឃាត់ស្រ្តីរូបនេះ ដើម្បីបន្តការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
ថៃ ស្រីនាង ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ Sexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈចំពោះការ ស្លៀកពាក់របស់ខ្លួនកន្លងមក។
សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ។
កាលពីពេលប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕