(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណជូនចំពោះប្រទេសថៃ ឥណ្ឌូនេស៊ី និងប្រទេសជប៉ុន ដែលបានផ្សព្វផ្សាយថា ពលរដ្ឋរបស់គេចុះពីនាវា Westerdam របស់អាមេរិក ដែលកម្ពុជាបានអនុញ្ញាតឲ្យចូលចត មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងអរគុណ ដល់ព្រះរាជាណាចក្រថៃ ដែលបានធ្វើការអះអាងថា គ្មានអ្នកជំងឺណាមួយរកឃើញមានវីរុសកូរ៉ូណា នៅពេលដែលអ្នកទាំងនេះ បានចាកចេញពីទីក្រុងភ្នំពេញ ទៅដល់ទីក្រុងបាងកក ដើម្បីតការហោះហើរ ទៅកាន់ប្រទេសផ្សេងៗ»។
សម្ដេចតេជោ បានបន្ថែមទៀតថា «យើងអរគុណចំពោះរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ដែលចេញមកធ្វើការអះអាងថា នាវិក និងអ្នកបម្រើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ចំនួន៣៦២នាក់ ពុំមានអ្នកណាមួយ មានផ្ទុកវីរុសកូរ៉ូណានោះទេ»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា កម្ពុជាសូមអរគុណចំពោះជប៉ុន ដែលបានផ្សព្វផ្សាយព័ត៌មានថា ជនជាតិជប៉ុនដែលនៅលើនាវា ហើយធ្វើដំណើរត្រឡប់ទៅជប៉ុន ក៏ពុំមានឆ្លងវីរុសកូរ៉ូណានេះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាក៏សូមអរគុណ ចំពោះមិត្ដភក្ដិទាំងអស់ ដែលបានចូលរួមសហការចំពោះកម្ពុជា និងសូមអរគុណចំពោះ អង្គការសុខភាពពិភពលោក WHO ផងដែរ។
ចំពោះករណីស្ដ្រីម្នាក់ ដែលរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា នៅប្រទេសម៉ាឡេស៊ីនោះ សម្ដេចគិតថា ប្រហែលមានតែអ្នកជំងឺនោះតែប៉ុណ្ណោះ បន្ទាប់ពីគេ ព្យាបាលគាត់ជាហើយ គាត់នឹងនិយាយនូវអ្វី ដែលគាត់ចង់និយាយ តើគាត់ឆ្លងពិត ឬមិនពិត ប្រហែលជាចំណុះលើគាត់និយាយហើយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា មិនមានជម្លោះការទូត រវាងកម្ពុជា និងម៉ាឡេស៊ី រឿងរកឃើញស្ត្រី ជនជាតិអាមេរិក មានផ្ទុកមេរោគកូរ៉ូណានោះឡើយ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះអ្នកធ្វើអត្ថាធិប្បាយថា សម្តេចយករឿងឲ្យនាវា Westerdam ចូលចត ដើម្បីចំណេញនយោបាយ។ សម្តេចតេជោ ចាត់ទុកការអត្ថាធិប្បាយបែបនេះជា «ឆ្កួត»។
សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកផ្សព្វផ្សាយបំភ័យ និងថាបិទបាំងព័ត៌មានរឿងអ្នកឆ្លងកូរ៉ូណា នៅកម្ពុជាប្រយ័ត្នជាប់ពន្ធនាគារ។ សម្តេចតេជោ បានប្រកាសថា សម្តេចមិនចាំបាច់យកជីវិតមនុស្សជាតិ មកចំណេញនយោបាយនោះទេ។ ការងារដែលសម្តេច ធ្វើជារឿងមនុស្សធម៌សុទ្ធសាធ៕