(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសហាមយ៉ាងដាច់ខាត មិនឲ្យយកមន្ដ្រីថ្នាក់ជាតិ (ថ្នាក់ក្រសួង) ទៅដណ្ដើមតំណែងមន្ដ្រីថ្នាក់ក្រោមជាតិ (ខេត្ត ក្រុង ស្រុក ខណ្ឌ) នៅពេលមានការផ្លាស់ប្ដូរណាមួយនោះទេ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានការផ្លាស់ប្ដូរណាមួយនៅថ្នាក់ក្រោមជាតិ ត្រូវជ្រើសរើសមន្ដ្រីក្នុងមូលដ្ឋានតែម្ដង ដើម្បីជាការលើកទឹកចិត្ត និងបំបាត់ភាពច្រណែន ឬភាពរញ៉ែរញ៉ៃ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនៅតែទទូចមិនឲ្យបោះមន្ដ្រីថ្នាក់ជាតិ ចុះទៅដណ្ដើមកន្លែងមន្ដ្រីថ្នាក់មូលដ្ឋាន កុំឲ្យបោះពីលើ ទុកឱកាសឲ្យខាងមូលដ្ឋានគេរៀបចំមន្ដ្រីគេ [...] លើកនេះខ្ញុំនិយាយឲ្យបានច្បាស់ជាចំហរ អំពីការមិនយកថ្នាក់ជាតិ ទៅដណ្ដើមកន្លែងរបស់មន្ដ្រីនៅមូលដ្ឋាន»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កន្លងទៅសម្ដេចសង្កេតឃើញថា មន្ដ្រីមួយចំនួនបានមកសំងំធ្វើការនៅថ្នាក់ជាតិ ដើម្បីបានបុណ្យស័ក្ដិធំ រួចទៅដណ្ដើមតំណែង មន្ដ្រីនៅថ្នាក់មូលដ្ឋាន។ សម្ដេចក៏បានលើកឧទាហរណ៍ជាក់ស្ដែង នៅខេត្ដស្វាយរៀង មានការស្នើដាក់មន្ដ្រីយោធាម្នាក់ ទៅធ្វើជាអភិបាលរងខេត្ត ប៉ុន្ដែត្រូវសម្ដេចបដិសេធមិនចុះហត្ថលេខានោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវជំនឿជឿជាក់ថា ការសម្រេចចិត្តបែបនេះ នឹងធ្វើឲ្យមន្ដ្រីនៅថ្នាក់ក្រោមជាតិសប្បាយចិត្ត និងមានកម្លាំងចិត្តដើម្បីធ្វើការងារ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការតែងតាំងមន្ដ្រីណាម្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវតែមានការឯកភាពគ្នារវាងក្រុមប្រឹក្សា និងគណៈអភិបាល ដើម្បីដាក់មករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប៉ុន្ដែការស្នើតែងតាំងនេះ ក៏ត្រូវតែយោងទៅលើសំណូមពរចាំបាច់នៅមូលដ្ឋាន។ សម្ដេចតេជោអះអាងថា ការដែលធ្វើបែបនេះ គឺដើម្បីរដ្ឋបាលដំណើរការល្អ គ្មានការបែកបាក់។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការដែលត្រូវតែឯកភាពគ្នារវាងប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ដើម្បីធ្វើការតែងតាំង មន្ដ្រីណាមួយ គឺជាការលុបបំបាត់មន្ដ្រីឡេមឡឺមតែងតែរត់ទៅអែបអ្នកនេះអ្នកនោះ ដែលមានសិទ្ធិស្នើតែងតាំងដើម្បីបានតំណែង។ សម្តេចតេជោ បន្ថែមថា ពេលនេះមិនមែនជាពេល អន្តរាគមន៍ដើម្បីតួនាទីនោះទេ គឺជាពេលមើលប្រសិទ្ធភាពការងារ៕