(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់នៅថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងសម្រេចការងារទាំងឡាយសម្រាប់សង្គមជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិ ដែលបានប្រឹងប្រែងរួមគ្នារក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់។
* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ដល់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងទប់ស្កាត់រាល់ការប្រើប្រាស់ជួញដូរគ្រឿងញៀន ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ គ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាត្រឹមត្រូវហើយ តែមិនទាន់ក្តាប់ជាប់នូវគន្លឹះនៃការអនុវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយការស្រង់មតិដែលមានជំនឿទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល និងជឿលើគណបក្សប្រជាជនក្នុងការរក្សាសុខសន្តិភាពសម្រាប់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋអត់ត្រូវការសារុង ក្រមា និងអង្ករទៀតនោះទេ គឺត្រូវការរក្សានូវសន្តិសុខសុវត្ថិភាពសម្រាប់ពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវនាំគ្នាបង្កើនជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវសេចក្តីសុខសុវត្ថិភាពសម្រាប់ការរស់នៅរបស់គាត់។
* សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីពិន័យឱ្យបានកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកបើកបរល្មើសច្បាប់។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការពិន័យប្រាក់កាន់តែច្រើន រហូតដល់ដកហូតបណ្ណបើកបរ នៅពេលអ្នកបើកបរបំពានច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការដាក់ពិន័យកាន់តែធ្ងន់ធ្ងរនេះមិនមែនជាការដាក់ទណ្ឌកម្មសម្រាប់អ្នកបើកបរនោះទេ តែជាការការពារអាយុជីវិតរបស់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអនុវត្តន៍តឹងរឹងផងដែរ ចំពោះអ្នកមិនពាក់មួកសុវត្ថិភាពពេលបើកបរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាស្លាប់ជាមធ្យម ៥.៥នាក់ក្នុងមួយថ្ងៃ។ សម្តេចតេជោ បន្តថា ចំនួនអ្នកស្លាប់នេះច្រើនជាងពេលកម្ពុជាមានសង្គ្រាមទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នទឹកនៅក្នុងអាងវារីអគ្គិសនីមានរហូតដល់ទៅ ៨០ភាគរយ។ ដូច្នេះការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅឆ្នាំនេះមិនជួបបញ្ហាដូចឆ្នាំទៅទេ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាកំពុងអនុវត្តន៍ការបញ្ចុះតម្លៃថាមពលអគ្គិសនី ១សេន ក្នុងមួយគីឡូ សម្រាប់វិស័យឧស្សាហកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការងារមនុស្សធម៌មួយដ៏ធំ ដែលបានអនុញ្ញាតឱ្យនាវា Westerdam ចូលចត។
* សម្តេចតេជោ ហ៊ុន សែន អរគុណថៃ ឥណ្ឌូនេស៊ី និងជប៉ុន ដែលផ្សព្វផ្សាយថា ពលរដ្ឋរបស់គេចុះពី Westerdam មិនមានផ្ទុកមេរោគ COVID19។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានជម្លោះការទូតរវាងកម្ពុជា និងម៉ាឡេស៊ី រឿងរកឃើញស្ត្រីជនជាតិអាមេរិកមានផ្ទុកមេរោគកូរ៉ូណានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះអ្នកធ្វើអត្ថាធិប្បាយថា សម្តេចយករឿងឱ្យនាវា Westerdam ចូលចត ដើម្បីចំណេញនយោបាយ។
* សម្តេចតេជោ ចាត់ទុកការអត្ថាធិប្បាយបែបនេះជា «ឆ្កួត»។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកផ្សព្វផ្សាយបំភ័យ និងថាបិទបាំងព័ត៌មានរឿងអ្នកឆ្លងកូរ៉ូណា នៅកម្ពុជាប្រយ័ត្នជាប់ពន្ធនាគារ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនចាំបាច់យកជីវិតមនុស្សជាតិមកចំណេញនយោបាយនោះទេ។ ការងារដែលសម្តេចធ្វើជារឿងមនុស្សធម៌សុទ្ធសាធ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់អ្នកអត្ថាធិប្បាយថា សម្តេច និងសម្តេចក្រឡាហោម មានទស្សនៈផ្ទុយគ្នាលើរឿងកូរ៉ូណា គឺជាចេតនាបំបែកសម្តេច។ សម្តេចចាត់ទុកការអត្ថាធិប្បាយនោះ ជារឿងមិនយល់ពីបេះដូងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឱ្យមានជំនួបកំពូលរវាងចិន និងអាស៊ាន ដើម្បីពិភាក្សាទៅលើជំងឺបង្កដោយមេរោគកូរ៉ូណា។
* សម្តេចតេជោ បានថ្លែងថា ការងារថ្នាក់ជាតិទម្លាក់ទៅថ្នាក់ក្រោមជាតិកាន់តែធំ ដូច្នេះការទទួលខុសត្រូវ គឺកាន់តែធំៗហើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងដកតំណែងអភិបាលរាជធានី ខេត្ត បើមិនចូលប្រជុំក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៣ដង។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកំណត់ពេលវេលាច្បាស់លាស់ណាមួយ សម្រាប់កិច្ចប្រជុំរវាងអភិបាលរាជធានី ខេត្ត ជាមួយក្រុមប្រឹក្សារាជធានី-ខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់អភិបាលរាជធានី ខេត្ត មិនត្រូវមើលស្រាលប្រធានក្រុមប្រឹក្សារាជធានី ខេត្តនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីឡេមឡឺមតែងតែរត់ទៅអែបអ្នកនេះអ្នកនោះ ដែលមានសិទ្ធិស្នើតែងតាំងដើម្បីបានតំណែង។ សម្តេចតេជោ បន្ថែមថា ពេលនេះមិនមែនជាពេលអន្តរាគមន៍ដើម្បីតួនាទីនោះទេ គឺជាពេលមើលប្រសិទ្ធភាពការងារ។
* សម្តេចតេជោ ហ៊ុន សែន អង្វរដល់មន្ត្រីនៅថ្នាក់ជាតិ កុំទៅដណ្តើមតំណែង និងតួនានៅមូលដ្ឋាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ត្រូវមានការឯកភាពគ្នាក្នុងការស្នើសុំតែងតាំងមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រើពេល៣ម៉ោងសម្រាប់ដកអភិបាលខេត្ត និង១៥នាទី សម្រាប់ដកអភិបាលស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៧៖៣០នាទីនាល្ងាចថ្ងៃដដែល៕