(កណ្តាល)៖ លោក អុល ប៊ុណ្ណា ស្នងការរងទទួលផែនបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល តំណាងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ, ម្ចាស់គ្រឹះស្ថាន និងម្ចាស់អាជីវកម្មផ្សេងៗ ឱ្យបន្តកិច្ចសហការ និងចូលរួមជាមួយអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ, ត្រូវបង្កើតស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវផ្តាច់ចរន្តអគ្គីសនី ពន្លត់ភ្លើងទៀន ធូប ភ្លើងចង្ក្រាន មុននឹងចេញពីលំនៅដ្ឋានទៅទីឆ្ងាយ ដើម្បីបង្ការកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
លោកស្នងការរង បានលើកឡើងយ៉ាងដូច្នេះនៅក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យលើកទី៥ នាថ្ងៃទី២០ ខែកុម្ភៈនេះ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដែលមានវត្តមានចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល, កម្លាំងប្រដាប់អាវុធទាំង៣, លោក-លោកស្រីប្រធានមន្ទីរនិងអង្គភាពជុំវិញខេត្ត, លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុកទាំង១១, ចៅសង្កាត់ទាំង១០ ,លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស , លោក-លោកស្រីប្រធានក្រុមហ៊ុនឯកជន និងប្រជាជនសរុបប្រមាណជាង ៧០០នាក់។
លោកឧត្ដមសេនីយ៍ត្រី អុល ប៊ុណ្ណា បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់អគ្គីភ័យបានកើតឡើងចំនួន ៥៧/៣៤លើក កើនឡើងចំនួន២៣លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ក្នុងនោះមាន៖ ស្រុកអង្គស្នួល ១២/៤លើក កើនឡើងចំនួន៨លើក, ស្រុកកោះធំ ១/១លើក ស្មើ, ស្រុកកណ្ដាលស្ទឹង៤/៥លើក ថយចុះចំនួន២លើក, ស្រុកពញាឮ ៤/៣លើក កើនឡើងចំនួន១លើ ,ស្រុកកៀនស្វាយ ៥/៣លើក កើនចំនួន២លើក, ស្រុកមុខកំពូល ៤/២លើក កើនចំនួន២លើក, ស្រុកស្អាង ១០/៣លើក កើនចំនួន៧លើក, ស្រុកល្វាឯម ៣/៣លើក, ស្រុកខ្សាច់កណ្តាល ៤/១លើក កើនចំនួន៣លើក, ស្រុកលើកដែក ០/១លើក ឆ្នាំ២០១៩ គ្មាន និងក្រុងតាខ្មៅ ១១/៨លើក កើនឡើងចំនួន២លើក។
ក្នុងឱកាសនេះដែរលោក នៃ ចារី អភិបាលរងខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ការប្រារព្វទិវានេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ឱ្យមានការយល់ដឹង និងចង់ចាំថា អគ្គីភ័យ គឺគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ននោះទេ។
លោកបានបន្ថែមថា បញ្ហាអគ្គិភ័យនេះ គឺទាមទារឲ្យប្រជាពលរដ្ឋ ត្រូវតែចូលរួមឲ្យបានគ្រប់គ្នា ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាតអគ្គីភ័យឲ្យបាន ជាពិសេសអង្គភាពជំនាញ ត្រូវចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំឲ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ ដោយមានឧបករណ៍សំភារៈចាំបាច់មួយចំនួន។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកសូមសម្តែងការសោកស្តាយជាអនេក និងសូមចូលរួមនូវទុក្ខក្រៀមក្រំជាមួយប្រជាពលរដ្ឋយើងទាំងអស់ ដែលទទួលរងគ្រោះដោយសារអគ្គីភ័យរយៈពេលកន្លងមក និងសម្តែងនូវអំណរគុណដោយស្មោះស្ម័គ្របំផុតចំពោះមន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យទូទាំងខេត្ត ដែលកន្លងមកនេះ បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ទោះជាត្រូវប្រឈមនិងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបានពុះពារពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕