(ពោធិ៍សាត់)៖ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន របស់អធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួង បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន មួយករណី ដកហូតថ្នាំញៀនបាន ៨,៩០ក្រាម និងឃាត់ខ្លួនមនុស្ស ២នាក់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនាវេលាម៉ោង ៧៖៣០នាទីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចហាងខារ៉ាអូខេ «យីហោសិលាមានលាភ» ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា ប្រតិបត្តិការនេះ បានការសម្របសម្រួលពីលោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន៖
*ឈ្មោះ អ៊ន សុខអៀន ភេទស្រី អាយុ៣៥ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ ហើយក៏ជាមុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នរស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
*ឈ្មោះ ទិត ពិទូ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្លាប់អប់រំ ៤៨ម៉ោង ម្ដងរួចមកហើយ មានស្រុកកំណើតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងនោះវត្ថុតាងចាប់យកបាន សារធាតុញៀន ចំនួន០២កញ្ចប់ ទម្ងន់ ៨,៩០ក្រាម, សម្ភារជក់មួយកំប្លេរ, ទូរស័ព្ទដៃ ០៣គ្រឿង, កាបូបដៃព័ណ៌ខ្មៅ ០១, កាបូស្ពាយព័ណ៌ឈាមជ្រូក ០១, ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួនធំ, លុយខ្មែរ ១០ម៉ឺនរៀល និងបានធ្វើតេស្តរកសារធាតុញៀន (វិជ្ជមាន+) ទាំង០២នាក់។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕