(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានសហការជាមួយ អាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញផលិតផល មួយចំនួនហួសកាលបរិច្ឆេទ ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញ នៅផ្សារលើនេះ មន្ត្រីជំនាញកាំកុងត្រូល បានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តប ឋមរួមមាន ៖ បង្គា មឹក ត្រីងៀត សាច់គោងៀត សាច់ក្រក មីដុំសសៃតូច សណ្តែកបណ្តុះ ខ្ញីហាន់ ស្ពៃជ្រក់ និងអំបិលមដ្ឋ ដើម្បីរកសារធាតុគីមី ហាមឃាត់ ដែលអាចធ្វើឱ្យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញពុំបានរកឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ នៅលើម្ហូបអាហារខាងលើនោះទេ តែបានរកឃើញ ការដាក់តាំង ផលិផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មួយចំនួន ៖ -ស្កគ្រាប់ម៉ាក X.CITE ៩កញ្ចប់=០.៩៩ គីឡូក្រាម,-នំបំពងម៉ាក Water Stick. ១៥កំប៉ុង=១.៩៥ គីឡូក្រាម,-ម្សៅម៉ាក Narak ១២កំប៉ុង=០.៣០ គីឡូក្រាម,សរុបទំនិញដកហូតបានចំនួន ៣.២៤ គីឡូក្រាម ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕