(ពោធិ៍សាត់)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន របស់អធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួង បើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀនបាន៨,៩០ក្រាម។
ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចហាងខារ៉ាអូខេ យីហោសិលាមានលាភ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងបានកម្លាំងនគរបានបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួល ពីលោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន៖
* ទី១៖ ឈ្មោះ អ៊ន សុខអៀន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ កំរិតវប្បធម៌ថ្នាក់ទី៨ ជាម្ចាស់ហាងខារ៉ាអូខេ ហើយក៏ជាមុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នរស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* ទី២៖ ទិត ពិទូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ កំរិតវប្បធម៌ថ្នាក់ទី៧ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្លាប់អប់រំ ៤៨ម៉ោងម្ដងរួចមកហើយ មានស្រុកកំណើតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបានបានដកហូតនោះវត្ថុតាងសារធាតុញៀនចំនួន០២កញ្ចប់ ទម្ងន់ ៨,៩០ក្រាម, សម្ភារៈជក់មួយកំប្លេរ, ទូរស័ព្ទដៃ ០៣គ្រឿង, កាបូបដៃពណ៍ខ្មៅ០១, កាបូស្ពាយពណ៍ឈាមជ្រូក០១, ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួនធំ, លុយខ្មែរ ១០ម៉ឺនរៀល និងបានធ្វើតេស្តរកសារធាតុញៀន (វិជ្ជមាន+) ទាំង០២នាក់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕