(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សម្រេចបង្កើតគេហទំព័រផ្ទាល់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង។ នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ថ្លែងក្នុងសន្និសីទព័ត៌មានមួយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច» លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា តាមការគ្រោងទុកគេហទំព័រនេះ នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះ។
លោក ណុប ចាន់ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ជាការរំពឹងទុកការរៀបចំទទួលពាក្យបណ្ដឹងតាមអនឡាញ ហើយយើងមានរៀបចំបណ្ណាល័យ (E-Library) ជូនដល់សាធារណៈជនអាចចូលមកបាន និងអាចដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងបាន តាមហ្វេសបុកផេក ឬគេហទំព័ររបស់ក្រសួង គ្រាន់តែវាយឈ្មោះជាអក្សរខ្មែរ (ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច) នឹងឃើញផេកនោះ»។
បើតាមលោក ណុប ចាន់ណារិន្ទ តាមរយៈយន្ដការថ្មីនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការដាក់ពាក្យបណ្ដឹងមកកាន់ក្រសួង និងមានការកើនឡើងជាមុនផងដែរ ប៉ុន្ដែយ៉ាងណាក៏ដោយ ក្រសួង នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងយុត្តិធម៌។
យោងតាមរបាយការណ៍ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ដ របស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ក្រសួងបានទទួលពាក្យបណ្ដឹង ចំនួន១៣៥បណ្ដឹង ក្នុងនោះ អគ្គនាយកដ្ឋានអធិការកិច្ច ចំនួន៤៦បណ្ដឹង និងមន្ទីររាជធានី-ខេត្ដ ចំនួន៨៩បណ្ដឹង។
ដោយឡែក ពាក្យបណ្ដឹងដែលបានដោះស្រាយចប់ ចំនួន២៨បណ្ដឹង (អគ្គនាយកដ្ឋានអធិការកិច្ច ចំនួន៦បណ្ដឹង និងមន្ទីររាជធានី-ខេត្ត ចំនួន២២បណ្ដឹង ក្នុងនោះ ឆ្នាំ២០១៧ ចំនួន២បណ្ដឹង, ឆ្នាំ២០១៨ ចំនួន៦បណ្ដឹង និងឆ្នាំ២០១៩ ចំនួន២០បណ្ដឹង)។ សម្រាប់ពាក្យបណ្ដឹងផ្សេងទៀត ដែលនៅសេសសល់ កំពុងបន្ដតាមនីតិវិធី៕