(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ផ្តល់ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងឲ្យដឹងនៅក្នុងពិធីដដែលនោះ លោក វង សូត បានបញ្ជាក់ឲ្យដឹងថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះ ក៏បានគិតគូរពីវិធានការ ទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្ម ពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពជាគោលការណ៍តាមសំណើរសុំបង្កើតមណ្ឌលយុវនីតិសម្បទា របស់លោក វង សូត។ យោងតាមជំពូកទី១៣ មាត្រាទី៧៦ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានចង្អុលបង្ហាញថា ក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ត្រូវបង្កើតឲ្យមានមណ្ឌលយុវនីតិសម្បទា នៅតាមរាជធានី ខេត្ត សម្រាប់គ្រប់គ្រងអនីតិជន។ មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវ សាងសង់ថ្មីចំនួន៥ខ្នង។ តាមការគម្រោងទុក មណ្ឌលនេះ អាចសាងសង់រួចរាល់ដោយប្រើរយៈពេល១២ខែ។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត ក៏បានជូនអំណោយដល់ប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ១បេ កន្ទេល១ មុង១ ភួយ១ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ មី១កេស និងថវិកាចំនួន៣ម៉ឺនរៀល៕