(ក្រចេះ)៖ ប្រតិបត្តិករទេសចរណ៍ជាច្រើនក្នុងខេត្តក្រចេះបានស្ម័គ្រចិត្តបញ្ចុះថ្លៃ ១០% លើគ្រប់សេវាកម្មទេសចរណ៍របស់ខ្លួន ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទាក់ទាញទេសចរមកទស្សនាខេត្តក្រចេះឲ្យកាន់តែច្រើនកុះករ, នេះបើតាមលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។
ការចូលរួមបញ្ចុះតម្លៃលើគ្រប់សេវាកម្មទេសចរណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីសំណាក់លោករដ្ឋមន្ត្រី ថោង ខុន ដែលស្នើឱ្យវិស័យឯកជន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ដើម្បីលើកទឹកចិត្តឱ្យមានចលនាទេសចរក្នុងប្រទេស ស្របពេលដែលពិភពលោកជួបប្រទះនូវវិបត្តិការរីករាលដាលជំងឺ Covid 19 ដែលនាំឱ្យភ្ញៀវទេសចរអន្តរជាតិមានការធ្លាក់ចុះ ក្នុងនោះកម្ពុជាក៏ទទួលរងឥទ្ធិពលពីវិបត្តិនេះផងដែរ។
លោកប្រធានមន្ទីរ ជួប រតនា បានឱ្យដឹងថា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តក្រចេះបានរៀបចំកិច្ចប្រជុំជាមួយភាគីឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រទាក់ទាញទេសចរ ជាពិសេសទេសចរក្នុងស្រុក ដើម្បីចូលរួមចំណែកស្តារស្ថានការណ៍ក្នុងវិបត្តិនៃជំងឺឆ្លង Covid 19 និងដាក់ទិសដៅរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តឲ្យកាន់តែផុលផុសបន្ថែមទៀត។
លោកបានបន្តថា កិច្ចប្រជុំបានពិភាក្សា និងស្រាយបញ្ហាប្រឈមនានា ការពង្រឹងគុណភាពសេវាកម្មតាមរយៈការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ ពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនក្នុងខេត្ត បង្កើនចំនួនស្នាក់នៅរបស់ភ្ញៀវទេសចរ ជំរុញការផ្សព្វផ្សាយ លើកកម្ពស់ផលិតផលក្នុងស្រុក និងរៀបចំឲ្យមានវិថីម្ហូបអាហារក្នុងខេត្ត (Street Food) ជាពិសេសមន្ទីរទេសចរណ៍បានបង្ហាញពីសក្តានុពលទេសចរណ៍ ផែនការអភិវឌ្ឍទេសចរណ៍ខេត្ត និងវិនិយោគថ្មីលើសេវាកម្មសម្បទាទេសចរណ៍នានា។
បើតាមលោក ជួប រតនា ភាគីឯកជនក៏បានគាំទ្រលើគំនិតផ្តួចផ្តើមរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះ លើការបង្កើតក្រុមការងាររដ្ឋ-ឯកជនក្នុងវិស័យទេសចរណ៍ខេត្ត ដែលជាទម្រង់កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់បានប្តេជ្ញាចិត្តបញ្ជុះតម្លៃ ១០% លើគ្រប់សេវាកម្មនានាក្នុងខេត្ត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទាក់ទាញទេសចរមកទស្សនាខេត្តក្រចេះឲ្យកាន់តែច្រើនកុះករ៕