(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់កំពង់ផែខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នាវា Westerdam របស់អាមេរិកជាមួយនឹងអ្នកបម្រើការងារលើនាវាចំនួន៧៤៧នាក់ នឹងត្រូវចាកចេញពីកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែខេត្តព្រះសីហនុ បានបញ្ជាក់ថា «ផែនការនាវានេះ ត្រូវចេញដំណើរចាកចេញពីកម្ពុជានៅថ្ងៃស្អែក ប៉ុន្តែដោយសារនាវានេះ ត្រូវចាក់ប្រេងរហូតដល់៧០០តោន ដូច្នេះត្រូវចំណាយពេលយូររហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ទើបអាចចេញដំណើរបាន»។
ការចាកចេញពីកំពង់ផែព្រះសីហនុ ធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរជាង២០០០នាក់ នៅលើនាវា បានចុះពីលើនាវាចូលកម្ពុជា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។
ភ្ញៀវទេសចររបស់នាវា Westerdam ចុងក្រោយចំនួន២៣៣នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ពីកំពង់ផែខេត្តព្រះសីហនុ មកដល់សណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ក្រោយពួកគេទាំងនោះត្រូវបានពិនិត្យសុខភាពពុំឃើញមានមេរោគ Covid-19។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាវាយក្សនេះដឹកមនុស្សសរុបជាង ២០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕