(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ជូនជនជាតិចិន ០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហឹង្សាឈានដល់ការផ្ទុះអាវុធ។

ជនជាតិចិនទាំង៣នាក់រួមមាន៖

*ទី១ ៖ ឈ្មោះ YE QI FENG ហៅ IA FONG អាយុ៣៦ឆ្នាំ
*ទី២ ៖ ឈ្មោះ ZHANG JI LIANG អាយុ៤៧ឆ្នាំ
*ទី៣ ៖ ឈ្មោះ ចាង អ៊ីហ្វុង (CHANG YI FONG) អាយុ៣១ឆ្នាំ។

ជនជាតិចិនទាំង ០៣នាក់ ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បង្ក្រាបបាន បន្ទាប់ពីពួកគេ បានបង្កហិង្សាលើភាគីជនជាតិចិនដូចគ្នា និងខ្មែរម្នាក់ រហូតឈានដល់មានការផ្ទុះអាវុធ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ។

ហេតុការណ៍នេះ កើតឡើងនៅចំណុច ផ្លូវសុភមង្គល(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើមហេតុដែលបណ្តាលឲ្យមានហិង្សា រហូតឈានដល់ការផ្ទុះអាវុធនេះ គឺដោយសារតែជនរងគ្រោះបានវេប្រាក់ ចូលក្រុមហ៊ុនប្តូរប្រាក់របស់ជនបង្ក តែពេលជនរងគ្រោះទៅបើកប្រាក់ ជនបង្កមិនព្រមបើកឲ្យគ្រប់ចំនួន ដោយពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀត។

បន្ទាប់ពីបានផ្ទុះអាវុធរួចមក បក្ខពួកជនបង្កមួយចំនួនបានរត់គេចខ្លួន បច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕