(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បញ្ហា COVID-19 ជាបញ្ហាផលប៉ះពាល់ជាសកល ហើយថៅកែចិនមួយចំនួន មិនហ៊ានចេញមកធ្វើការ ឬដឹកឥអីវ៉ាន់មកកម្ពុជា (វត្ថុធាតុដើម) ដែលធ្វើឲ្យរោងចក្រចំនួន០២ ត្រូវផ្អាកការងារមួយរយៈ តែសម្រាប់កំពង់ស្ពឺ ជាខេត្តមួយកំពុងអភិវឌ្ឍន៍ រោងចក្រសហគ្រាស ផ្នែកវាយនភ័ណ្ឌនោះ មានផលប៉ះពាល់តិចតួចបំផុត។
យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅខេត្តកំពង់ស្ពឺ មានរោងចក្រផ្នែកវាយនភ័ណ្ឌ ក្នុងខេត្តកំពុងដំណើរការសរុប ១៤០កន្លែង និងមានកម្មករបម្រើការងារសរុប ១២០,៣៤២នាក់ ស្រី ១០០,៤០៨នាក់។
ដោយឡែក រោងចក្រដែលមានថៅកែជាជនជាតិចិន មានចំនួន ១២៤កន្លែង ចំពោះសហគ្រាសដែលមានផលប៉ះពាល់ ដកប្រព័ន្ធអនុគ្រោះមាន ចំនួន១៦កន្លែង មានកម្មករ និយោជិតសរុបប្រម៉ាណ ចំនួន២២,៤៨១នាក់ ក៏ប៉ុន្តែក្នុងនោះ ១៦រោងចក្រនោះ ខ្លះគឺមិនបាននាំចេញទៅអ៊ីរ៉ុបនោះទេ និងខ្លះទៀតមានសមត្ថភាព ក្នុងការបន្តអាជីវកម្មរបស់ខ្លួនបាន គ្មានអ្វីទាក់ទងនឹង EBA ឡើយ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចំពោះករណី COVID-19 គឺមានផលប៉ះពាល់មួយផ្នែក ក្នុងករណីដែលវត្ថុធាតុដើម មិនអាចនាំចូលពីប្រទេសចិនបាន ដើម្បីដំណើរការផលិតកម្មរបស់ខ្លួន នៅចុងខែកុម្ភៈនេះទេ។ ប៉ុន្តែមកដល់ពេលនេះ មានរោងចក្រត្រឹមតែ ៩ប៉ុណ្ណោះ ដែលទទួលបានព័ត៌មានថា អាចនិងមានផលប៉ះពាល់ដោយសារ COVID-19 តែបច្ចុប្បន្នរោងចក្រទាំងនោះ នៅដំណើរការងារធម្មតា មិនប៉ះពាល់អ្វីនៅឡើយទេ ហើយបើចុងខែនេះ វត្ថុធាតុដើមចាប់ផ្តើមចូលមកវិញនោះ គឺមិនមានប៉ះពាល់នោះទេ ។
ចំពោះករណីព្យួរការងារ ២កន្លែងនោះ មិនបណ្តាលមកពី EBA ឬ COVID-19 នោះទេ គឺដោយសារបញ្ហាផ្ទាល់ខ្លួនគាត់ (ជំពាក់បំណុលគេច្រើន)។ ការព្យួរការងារ នោះមានមួយគឺព្យួរដោយផ្នែកៗ ដោយសារក្រុមហ៊ុន ផលិតទំនិញតាមរដូវកាល បើហួសរដូវកាល គឺមិនសូវមានតម្រូវការទេ។ ដោយឡែក ក្រុមហ៊ុន ដែរព្យួរការងារមួយទៀត គឺមានកម្មករតែ ៣០នាក់ប៉ុណ្ណោះ ដោយសារខ្វះវត្ថុធាតុដើម៕