(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ដើម្បីពង្រឹងកសាងធនធានមនុស្សក្នុងវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យបានសមស្របបំផុតទៅនឹងស្ថានការណ៍ជាក់ស្ដែង ជាពិសេសគឺការកសាងកម្មវិធីអប់រំហ្វឹកហ្វឺនដល់យោធិន ដែលត្រូវតែមានការកែសម្រួលជាបន្តបន្ទាប់ ដើម្បីឲ្យការបណ្តុះបណ្តាលដល់យោធិនអាជីព និង ហ្វឹកហ្វឺនជំនាញផ្សេងៗទៀត ប្រកបដោយគុណភាព។
ការលើកឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី២០ នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្នុងភូមិសាស្ត្រស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ បានថ្លែងថា ក្នុងដំណាក់កាលបច្ចុប្បន្នការហ្វឹកហ្វឺនបណ្តុះបណ្ដាលនាយទាហានសកម្ម គឺជាតម្រូវការចាំបាច់ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព ឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ចចាំបាច់ចំពោះមុខ និងយូរអង្វែង។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា វគ្គហ្វឹកហ្វឺនដែលកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងពង្រីកគុណភាពនៃការដឹកនាំបញ្ជា និងការគ្រប់គ្រងកងឯកភាព ដើម្បីត្រៀមខ្លួនបំពេញកិច្ចការងារប្រតិបត្តិការតាមបញ្ជា។
ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់បណ្ដាស្ថាប័នពាក់ព័ន្ធ យោធាចារ្យ ដែលបានបំពេញតួនាទីជាសេនាធិការជូនថ្នាក់ដឹកនាំ ធ្វើឲ្យដំណើរការវគ្គបណ្តុះបណ្ដាលនិស្សិត នាយទាហានជំនាន់ទី២០នេះ ទទួលបានលទ្ធផលប្រកបដោយគុណភាព។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរំលេចនូវតម្លៃសន្តិភាពដែលបានមកដោយការធ្វើពលិកម្មដ៍ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ហើយដែលនាយទាហានទាំងអស់ ត្រូវរួមគ្នាថែរក្សា និងត្រៀមលក្ខណៈជានិច្ចដើម្បីអនុវត្តបទបញ្ជា ក្នុងនោះត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅ អំពីសភាពការណ៍សន្តិសុខដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នរាល់ឧបាយកល ការធ្វើបដិវត្តន៍ពណ៌ ការធ្វើឲ្យបាត់បង់សន្តិភាព និងកើតមានសង្រ្គាមសារជាថ្មី។
នាយឧត្ដមសេនីយ៍ បានក្រើនរម្លឹកដល់នាយទាហានដែលទើបបញ្ចប់វគ្គ ត្រូវបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹងទូទៅ ជំនាញឯកទេសថ្មីៗ ក៏ដូចជាភាសាបរទេសជាដើម។
បើតាមសេចក្តីរាយការណ៍ពី ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ថា បច្ចុប្បន្ននេះសាលាបាន និងកំពុងដំណើរការបណ្ដុះបណ្ដាលនាយទាហានចំនួន ០៤ជំនាន់បន្ថែមទៀត គឺវគ្គនាយទាហានសកម្មចំនួន ០៣ជំនាន់ និងត្រៀមទទួលនិស្សិតថ្មីវគ្គនាយទាហានសកម្មជំនាន់ទី២៤ ចំនួន ២០០នាក់ទៀត។
ដោយឡែក វគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២០ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន ១០១នាក់ ដោយឆ្លងកាត់ការសិក្សា និងហ្វឹកហាត់អស់រយៈពេល៤ឆ្នាំ ហើយក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទាំង ទទួលបានលទ្ធផលនិទ្ទេសល្អ ១៩នាក់ និទ្ទេសល្អបង្គួរ ៧៤នាក់ និងនិទ្ទេសមធ្យមចំនួន ០៨នាក់៕