(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា សកម្មភាពមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ចូលចតនៅកម្ពុជា បានក្លាយទៅជាព្រឹត្តិការណ៍ដ៏កក្រើកពិភពលោក។
លោក គន់ គីម បានលើកឡើងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ។ ក្នុងជំនួបនេះលោក គន់ គីម បានលើកពីការចូលរួមរបស់សម្តេចតេជោប្រយុទ្ធប្រឆាំងវិបត្តិកើតឡើងដោយសារជំងឺបង្កដោយមេរោគ «COVID19»។
លោក គន់ គីម បានលើកឡើងថា ជំងឺបង្កដោយមេរោគ «COVID19» បានបង្កទៅជាវិបត្តិសេដ្ឋកិច្ចសាកល ហើយបាននាំឱ្យមានការរើសអើងជាតិសាសន៍ថែមទៀតផង។ និយាយដល់ត្រង់នេះ លោកទេសរដ្ឋមន្ត្រី បានគូសរំលេចដល់នាវាទេសចរណ៍ Westerdam។
នៅចំពោះមុខសមាជិកអតីតយុទ្ធជន លោក គន់ គីម បានប្រាប់ពួកគេថា ព្រោះតែការព្រួយបារម្ភខ្លាំងពីជំងឺនេះ ធ្វើឱ្យប្រទេសជាច្រើនបានទុកឱ្យមនុស្ស ៤១ជាតិសាសន៍ ស្មើនឹងប្រមាណ ២,២៥៧នាក់ ត្រូវអណ្តែតរសាត់គ្មាកោះត្រើយលើមហាសាគរ។ តែទីបំផុតនាវាទេសចរណ៍ដែលគេមិនរាប់រកមួយនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលនៅកម្ពុជា ជួយឱ្យអ្នកនៅលើនាវាលើបានត្រឡប់ទៅផ្ទះរបស់ពួកគេ។
នាវា Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ការបានចូលចតនៅកម្ពុជា ធ្វើឱ្យអ្នកទេសចរលើនាវារំភើប និងរីករាយយ៉ាងខ្លាំង។ កាយវិការមនុស្សរបស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យមានការល្បីរន្ទឺស្ញប់ស្ញែងយ៉ាងខ្លាំងពីឆាកអន្តរជាតិផងដែរ។
លោក គន់ គីម បានបញ្ជាក់ថា «ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យអ្នកទេសចរទាំងអស់ចូលចតនៅកម្ពុជារបស់យើង បានធ្វើឱ្យពិភពលោកបានស្គាល់ប្រជាពលរដ្ឋយើងថា ជាជាតិសាសន៍ពោរពេញដោយមនុស្សធម៌ ជាជាតិសាសន៍មួយដ៏ល្អ។ សម្តេចតេជោ បាននាំមកនូវមោទនភាពសម្រាប់ពលរដ្ឋកម្ពុជារបស់យើង»។
លោក គន់ គីម បានបន្តថា «កម្ពុជាយើងពីមុនគេស្គាល់ច្រើនតាមរបបប្រល័យពូជសាសន៍ ដែលជារបបមួយកាប់សម្លាប់ដ៏ព្រៃផ្សៃ។ តែក្នុងរយៈពេលប៉ុន្មានកន្លងទៅនេះ កម្ពុជារបស់យើង ប្រជាជនរបស់យើង ត្រូវបានគេស្គាល់តាមរយៈសម្តេចតេជោ ហ៊ុន សែន ថាជាជាតិមួយមានការអធ្យាស្រ័យ មានគុណធម៌ មានចិត្តសប្បុរសធម៌ខ្ពស់បំផុត»។
សូមបញ្ជាក់ថា បន្ទាប់ពីបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយនោះ អ្នកទេសចរ និងអ្នកបម្រើការងារលើនាវា ត្រូវបានយកចិត្តទុកដាក់ខ្ពស់អាជ្ញាធរកម្ពុជា។ ពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់ថែមទៀតផង។
មកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរចុះពីលើនាវាជាច្រើនហើយ បានហោះចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកំណើតរបស់ពួកគេ។
ក្នុងពិធីសំណេះសំណាលនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ និងធ្វេីការគ្រប់គ្រងដីសម្បទានរដ្ឋដែលបានប្រគល់ឱ្យសមាគមអតីតយុទ្ធជន ដេីម្បីស្នេីសុំសម្តេចតេជោ សាងសង់ជូនអតីតយុទ្ធជនអត់ដី អត់ផ្ទះ ១៩៨គ្រួសារ។ កន្លងមកសម្តេចតេជោ បានផ្តល់ផ្ទះជូនអ្នកមានដី តែអត់ផ្ទះ បានចំនួន ១៧១គ្រួសារ លេី ១៨៨គ្រួសារ ហេីយនឹងបន្តផ្តល់ជូនបង្គ្រប់ ២០០ខ្នង៕