(ភ្នំពេញ)៖ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ចប់ការចែកចាយឱសថហួសកំណត់ពេលប្រើប្រាស់ ជាពិសេសឱសថប្រឆាំងមេរោគរបេង និងស្នើឲ្យពលរដ្ឋគប្បីស្វែងរកការថែទាំសុខភាពនៅតាមសេវាសុខភាពសាធារណៈរបស់រដ្ឋ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ចៀសវាងបាននូវការចំណាយថវិកាលើសលប់ និងមិនចាំបាច់។
ការអំពាវនាវបែបនេះរបស់លោក អេង ហួត បានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ពោធគម្រោង ខំមីត ដែលរៀបចំដោយ CENAT និងរួមជាមួយអង្គការ KHANA, CHC, HSD និង CATA នៅវត្តសាលាអណ្តែត និងមណ្ឌលសុខភាព ហ៊ុន សែន ក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
លោក អេង ហួត បានលើកឡើងថា ប្រជាពលរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID បានផ្តល់លុយចំនួន ៧លានដុល្លារអាមេរិក សម្រាប់គម្រោង «ផ្តួចផ្តើមនៃការចលនាសហគមន៍ ដើម្បីបញ្ចប់ជំងឺរបេង ឬខំមីត រយៈពេល ៥ឆ្នាំ ដោយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ការបន្តជួយពីប្រជាពលរដ្ឋអាមេរិក ដល់ពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ ស្របទៅតាមផែនការយុទ្ឋសាស្ត្រនៃកម្មវិធីប្រយុទ្ឋនឹងជំងឺរបេង ២០២១ ដល់ ២០៣០ និងស្របជាមួយគោលដៅទីបី «សុខភាព និងសុខមាលភាព» នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជានាឆ្នាំ២០៣០នេះផងដែរ ក្នុងការធានានូវសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប និងគ្រប់វ័យ។
លោក អេង ហួត បន្តថា គម្រោងខំមីត បានបង្ហាញផងដែរ ពីកិច្ចខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រួមជាមួយនឹងបណ្តាលអង្គការនានា ដូចជាអង្គការ KHANA ខាណា អង្គការ CHC អង្គការ HSD និងអង្គការ CATA ព្រមទាំងអង្គការជាដៃគូដទៃទៀត។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នាឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង តាមរយៈពន្លឿនការស្វែងរក អ្នកដែលរស់នៅជាមួយមេរោគរបេង ដែលមិនទាន់ធ្វើរោគវិនិច្ឆ័យ ឲ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឲ្យទទួលបានការព្យាបាលទាន់ពេលវេលា រួមទាំងកុមារ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យបន្តកិច្ចសហការដ៏ល្អនេះ ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងដូចបានគោងទុក នាឆ្នាំ២០៣០ ជាពិសេសគឺបញ្ចប់ការឈឺ និងការស្លាប់ ដែលបណ្តាលមកពីជំងឺរបេងនេះ។ ដោយមានការចិត្តទុកដាក់ និងគាំទ្រផ្នែកនយោបាយដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី និងពីក្រសួងសុខាភិបាល បានធ្វើឲ្យកម្ពុជាកាត់បន្ថយអត្រាឈឺ ដោយសារជំងឺរបេង (អាំងស៊ីដង់) ពី ៣២៦ករណី ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ មកនៅត្រឹម ៣០២ករណី ក្នុងចំណោមប្រជាពលរដ្ឋ មួយសែននាក់។ នេះបើតាមរបាយការណ៍ពិភពលោកស្តីពីជំងឺរបេង ដែលចេញផ្សាយដោយអង្គការពិភពលោក WHO ក្នុងឆ្នាំ២០១៩កន្លងមក ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងនាឆ្នាំ២០៣០។
លោក នូវ ប៉េងចាន់តារា អភិបាលរងខេត្តកណ្តាល បានថ្លែងថា ខេត្តកណ្តាលពិតជាមានមោទនភាពដែលបានក្រសួងសុខាភិបាលដែលមានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន អង្គការខាណា និងអង្គការដៃគូជ្រើសរើសយកធ្វើជាម្ចាស់ផ្ទះសម្រាប់សម្ពោធកម្មវិធី ក៏ដូចជាសម្រាប់អនុវត្តគម្រោង ដើម្បីប្រយុទ្ធ និងជំងឺរបេង ដែលមានរយៈពេល ទៅដល់៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងស្រុកប្រតិបត្តិ ទាំង៤របស់ខេត្តរួមមាន ស្រុកប្រតិបត្តិលើកដែក ស្រុកប្រតិបត្តិមុខកំពូល ស្រុកប្រតិបត្តិល្វាឯម និងស្រុកប្រតិបត្តិស្អាង។
ក្នុងឱកាសនោះដែរលោកក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ USAID អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបាននឹងកំពុងជួយឧបត្តម្ភគាំទ្រ ទាំងបុគ្គលិក សម្ភារ និងថវិកាដល់ការងារកំចាត់រោគរបេងថ្នាក់ខេត្ត ក្រុង ស្រុក និងសហគមន៍ ធ្វើឲ្យការងារប្រយុទ្ធ និងជំងឺរបេង នៅគ្រប់ថ្នាក់កន្លងមក ទទួលបានលទ្ធផលល្អប្រសើរ។ ដើម្បីជាការការឆ្លើយតប ក្នុងនាមរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្រោមរដ្ឋបាលខេត្ត និងចូលរួមចំណែកគ្រប់សកម្មភាពរបស់គម្រោង ធ្វើយ៉ាងណាជួយសម្របសម្រួលដល់ក្រុមការងារគម្រោង ឲ្យមានភាពងាយស្រួល ក្នុងការធ្វើសកម្មភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តកណ្តាល ឆ្ពោះទៅរកការបញ្ចប់របេងនាឆ្នាំ២០៣០៕