(ព្រះវិហារ)៖ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា នៅក្នុងខេត្តព្រះវិហារទាំងមូលមានប្រជាជនប្រមាណ ៨៥ភាគរយ បានប្រកបរបរកសិកម្ម (ផលិតស្រូវ) ហើយទីតាំងភូមិសាស្ត្រខេត្តព្រះវិហារ ជាតំបន់ដែលមានសក្តានុពលបំផុតលើដំណាំស្រូវសរីរាង្គ ដោយមានការទទួលស្គាល់ពីក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។
លោក ស៊ូ សិរី បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះ ២០១៧-២០១៩ និងប្រកាសបើកដំណើរការគម្រោងបន្ត ២០២០-២០២២ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត ប្រធានអង្កការការីតាសកម្ពុជា និងប្រជាសហគមមកពីខេត្តព្រះវិហារ កំពង់ធំ សៀមរាប បាត់ដំបង ជាច្រើនរូបផងដែរ។
លោក ស៊ូ សិរី បានថ្លែងបន្តថា កសិកម្មជាវិសយ័សំខាន់មួយក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា ដោយហេតុថា សេដ្ឋកិច្ចជាតិពឹងអាស្រយ័លើកសិកម្ម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចដែលក្នុងនោះវិស័យកសិកម្មបានចូលរួមចំណែក២៣.៥% ថ្លៃបច្ចុប្បន្ននៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៨។
លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ ការនាំអង្ករចេញ បរិមាណអង្ករនាំចេញទៅកាន់ទីផ្សារ អន្តរជាតិកើនឡើង ប្រមាណ៦២% ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់២០១៨ ហើយអង្ករផ្ការំដួលត្រូវបានចាត់ទុកថាមានគុណភាពល្អជាងគេនៅលើពិភពលោក។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកបានលើកទឹកចិត្តដល់បងប្អូនកសិករឱ្យបន្តការយកចិត្តទុកដាក់លើការប្រកបអាជីវកម្មកសិកម្ម និងការផលិតទៅតាមបច្ចេកទេសណែនាំ សិក្សាស្រាវជ្រាវអំពីតម្រូវការទីផ្សារមុននឹងធ្វើការសម្រេចចិត្តផលិត។
លោកអភិបាលរងខេត្ត បានធ្វើការសំណូមពរឱ្យអង្កការការីតាសកម្ពុជា បន្តជួយលើកកំពស់ការអនុវត្តកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែងបរិយាបន្នធន់ និងការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តភាព ពិសេសសូមជួយបង្កើនចំណេះដឹងលើការអភិវឌ្ឍន៍ជំនួញ និងការធ្វើទីផ្សារ និងការផ្សារភ្ជាប់ ទីផ្សារកសិផលរបស់កសិករទៅកាន់ទីផ្សារក្នុងក្រុង ស្រុក រាជធានី ខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕