(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកសិក្ខាសាលាស្តីពី «សុខភាពនគរបាល» រយៈពេល ២ថ្ងៃគឺថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល តំណាងអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការស្តីទី និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកវរសេនីយ៍ឯក អនុប្រធានផែនការងារសេនាធិការ លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីនាយ នាយរងផ្នែក និងមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ស្រុកស្វាយទាប និងស្រុកស្វាយជ្រំ សរុបវត្តមាន ៨០នាក់ ស្រី៥៣នាក់។
ក្នុងរយៈពេលពីរថ្ងៃ អង្គសិក្ខាសាលា ត្រូវសិក្សា និងស្វែងយល់ពីគន្លឹះសំខាន់ៗ ចំនួន ៣ចំណុច៖
*ទី១ ៖ ស្តីពីការអប់រំសុខភាពនគរបាល ដើម្បីការពារជំងឺឆ្លងតាមផ្លូវអាហារ និងការពុលចំណីអាហារ ឧទ្ទេសនាមដោយ លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត អឹម សុភត្ត អនុប្រធាននាយកដ្ឋានសុខាភិបាល
*ទី២ ៖ ស្តីពីការអប់រំសុខភាពនគរបាលដើម្បីការពារជំងឺដែល បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងបារី ឧទ្ទេសនាមដោយលោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត គង់ វិសិដ្ឋ អនុប្រធាននាយកដ្ឋានសុខាភិបាល
*ទី៣ ៖ ស្តីពីការអប់រំសុខភាពនគរបាលដើម្បីការពារជំងឺ ទឹកនោមផ្អែម ជំងឺលើសសំពាធឈាម ការលើសជាតិខ្លាញ់ និងអាស៊ីតអុយរិក ឧទ្ទេសនាមដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល៕