(ភ្នំពេញ)៖ លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុន KW Sen Sok បានអះអាងថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ពិសេសតម្រូវការលំនៅដ្ឋានរបស់អតិថិជនខ្មែរ ស្របពេលទីក្រុងកំពុងមានការរីកចម្រើន និងការវិវត្តន៍រីកធំឡើងៗនាប៉ុន្មានឆ្នាំក្រោយនេះ។
អគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី ដដែលបានបន្ដថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងតែមានការកើនឡើងសម្រាប់អតិថិជនជនជាតិខ្មែរ ហើយមូលហេតុ ដែលនាំឲ្យទីផ្សារខុនដូតម្លៃសមរម្យផ្ទុះឡើងនេះ ក៏ដោយសារបណ្តាលមកពីកត្តា ៤សំខាន់ៗរួមមាន៖
ទី១-បុរីថ្មីៗកាន់តែឆ្ងាយពីក្រុង ហើយមានតម្លៃខ្ពស់ទៅៗ ដែលធ្វើឲ្យអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុង ដើម្បីបំពេញការងារ។
ទី២-ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើង នាំឲ្យមានការស្ទះចរាចរណ៍។
ទី៣-ដោយសារតែប្រជាជនខ្មែរ មានការយល់ដឹងពីរបៀបរស់នៅ ដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យជាដើម។
ទី៤- និន្នាការរបស់អតិថិជន ដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចឲ្យពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។
លើសពីនេះទៅទៀត ការទិញខុនដូ គឺជាការទិញផ្ទះរស់នៅតែម្តង អាចឲ្យគាត់មានស្ថេរភាព និងផាសុកភាពសម្រាប់គ្រួសារ ជាពិសេសអាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញបានយ៉ាងងាយស្រួល និងចំណេញពេលវេលា ហើយកូនៗអាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញ ដែលខ្លួនពេញចិត្តទៀតផង។ នេះបើតាមការបន្ថែមរបស់លោក សំ សុខនឿន៕